ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

ការអភិវឌ្ឍ
ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះសិក្សាគម្រោងសាងសង់ស្ពានឈើប្រវែង ៥០ម៉ែត្រ ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងសិក្សាគម្រោងសាងសង់ស្ពានឈើចំនួន ១កន្លែង ដែលមានប្រវែង ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
ការចុះសិក្សា និងពិនិត្យគម្រោងស្ពាននេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង និងរៀបចំផែនការស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូនកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានភាពងាយស្រួល និងសុវត្ថិភាពជាងមុន ពិសេសរួមចំណែកលើកកម្ពស់ជីវភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងស្រុកក្រគរឱ្យកាន់តែប្រសើរឡើង៕


នយោបាយ
ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះសំណេះសំណាលជាមួយសមាជិកបក្សក្នុងភូមិពាលញែក២
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ រួមជាមួយក្រុមការងារចុះជួយភូមិពាលញែក២ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរទុក្ខធុរៈជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
ជំនួបសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងក្តាប់នូវសុខទុក្ខ ព្រមទាំងសំណូមពរផ្សេងៗរបស់សមាជិកបក្សនៅតាមមូលដ្ឋានផ្ទាល់។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស ព្រមទាំងបានជំរុញឱ្យក្រុមការងារ និងសមាជិកបក្សទាំងអស់ បន្តរួមសាមគ្គីគ្នា ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំក្រុមការងារពិនិត្យវឌ្ឍនភាពការងារសង្គម ហេដ្ឋារចនាសម្ព័ន្ធ និងនាំយកជំនួយមនុស្សធម៌ជូនគ្រួសាររងគ្រោះ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលស្រុក ចុះបំពេញបេសកកម្មការងារជាច្រើននៅតាមមូលដ្ឋាន ដើម្បីសម្រេចបានទាំងសមិទ្ធផលសាសនា ការអប់រំ និងការជួយសង្គ្រោះប្រជាពលរដ្ឋ នាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានដឹកនាំរៀបចំពិធីសែនព្រេនតាមប្រពៃណី ដើម្បីចាប់ផ្តើមដំណើរការជួសជុល និងកែលម្អខ្លោងទ្វារវត្តបត់រំដួល ឱ្យមានសោភ័ណភាពប្រសើរឡើងវិញ។
បន្ទាប់មក លោកនិងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការងារនៅសាលាបឋមសិក្សាព្រៃរោង ដើម្បីតាមដាន និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធសិក្សារបស់សិស្សានុសិស្សនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានោះ ឆ្លើយតបទៅនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋ លោក ចាន់ វិចិត្រ ក៏បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងថវិកាមួយចំនួន ជូនដល់គ្រួសារក្រីក្រដែលបានរងគ្រោះធម្មជាតិប៉ះពាល់ផ្ទះសម្បែង ព្រមទាំងបានជួយសាងសង់ផ្ទះថ្មីជូន ដើម្បីជួយឱ្យពួកគាត់មានជម្រកស្នាក់នៅសមរម្យ និងមានស្ថិរភាពជីវភាពឡើងវិញ៕


សកម្មភាពថ្នាក់ដឹកនាំ
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងការប្រើប្រាស់ប្រព័ន្ធ SETFO 2.0
ពោធិ៍សាត់៖ លោក ងួន ប៉ោសេង អភិបាលរងខេត្តពោធិ៍សាត់ តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើក «សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ប្រតិបត្តិការដែលមានកិច្ចធានា និងរបៀបប្រើប្រាស់ប្រព័ន្ធតម្រូវលិខិតជូនដំណឹងនៃប្រតិបត្ដិការដែលមានកិច្ចធានា (SETFO 2.0)» ដែលបានរៀបចំឡើងនៅមន្ទីរពាណិជ្ជកម្មខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីក្របខ័ណ្ឌច្បាប់ និងការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា SETFO 2.0 ជូនដល់ភាគីពាក់ព័ន្ធ រួមមានមន្ត្រីរាជការ តំណាងគ្រឹះស្ថានហិរញ្ញវត្ថុ និងអាជីវករ ដើម្បីសម្រួលដល់ការចុះបញ្ជីកិច្ចធានា លើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងប្រសិទ្ធភាពសេវាហិរញ្ញវត្ថុក្នុងខេត្តឱ្យកាន់តែមានភាពងាយស្រួល និងទាន់សម័យ៕


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ដើម្បីពង្រឹងសមត្ថភាពកម្លាំងសេវាសង្គម
ពោធិ៍សាត់៖ វគ្គបណ្តុះបណ្តាលរំលឹកអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ នៅសាលប្រជុំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម ណុប ឫទ្ធា អគ្គលេខាធិការរង ក.ជ.ក. និងលោកស្រី ប៉ុក ណាឌី អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីកម្លាំងសេវាសង្គម មន្ត្រីជំនាញតាមមន្ទីរពាក់ព័ន្ធ នគរបាល និងអ្នកទទួលបន្ទុក គ.ក.ស.ក. ប្រចាំខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ដែលបានផ្តល់ការគាំទ្រឧបត្ថម្ភដោយ អង្គការឆាលហ្វាន កម្ពុជា។
គោលបំណងសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីពិនិត្យឡើងវិញនូវបទពិសោធន៍ ការសិក្សា និងការអនុវត្តការងារកន្លងមករបស់ក្រុមកម្មាំងសេវាសង្គម, បន្ថែមចំណេះដឹងលើមេរៀនស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ, បណ្តុះបណ្តាលការប្រើប្រាស់កម្មវិធីអេបស្វ័យសិក្សាស្តីពីសុវត្ថិភាពកុមារតាមអនឡាញ (Swipe Safe App)៕


សិល្បៈនិងវប្បធម៌
ព្រះមេគណខេត្តពោធិ៍សាត់ដឹកនាំព្រះមន្ត្រីសង្ឃ ព្រះសង្ឃក្នុងខេត្តនិមន្តទស្សនាពិព័រណ៌មិនអចិន្ត្រៃយ៍អំពីការយាងត្រឡប់មកកម្ពុជាវិញ នៃព្រលឹងដូនតាវត្ថុសិល្បៈខ្មែរ
ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តនិងជាព្រះចៅអធិការវត្តកែវវិជ័យ មានសេចក្តីសោមនស្សរីករាយបានដឹកនាំមន្ត្រីសង្ឃក្នុងនិមន្តទស្សកិច្ចពិព័រណ៌មិនអចិន្ត្រៃយ៍ស្តីអំពីការយាងត្រឡប់មកវិញនៃព្រលឹងដូនតា វត្ថុសិល្បៈខ្មែរផ្ទាំងរូបថត ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណសារមន្ទីរខេត្ត ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។


សកម្មភាពថ្នាក់ដឹកនាំ
លោក ហេង សុភាណា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅស្រុកវាលវែង
ខេត្តពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកវាលវែង» នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅបរិវេណសាលាស្រុកវាលវែង ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង ព្រមទាំង លោក លោកស្រី ជាតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក និងអាជ្ញាធរឃុំយ៉ាងច្រើនកុះករ។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសម្របសម្រួល និងធ្វើសមាហរណកម្មនូវគម្រោងស្នើសុំអាទិភាពនានារបស់រដ្ឋបាលឃុំក្នុងស្រុកវាលវែង ចូលទៅក្នុងផែនការសកម្មភាពរបស់មន្ទីរ-អង្គភាពជំនាញ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេវាសង្គម និងការលើកកម្ពស់ជីវភាពមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ឆ្នាំ២០២៧ ដល់ ២០២៩ ខាងមុខ៕


សន្តិសុខសង្គម
ពន្ធនាគារខេត្តពោធិ៍សាត់ ហ្វឹកហាត់ការបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងមន្ត្រី
ពោធិ៍សាត់៖ លោក វរអគ្គានុរក្សថ្នាក់លេខ២ ស៊ិន សុផាន់ណូ ប្រធានពន្ធនាគារខេត្តពោធិ៍សាត់ បានសហការជាមួយ លោក ឧត្តមសេនីយ៍ត្រី ម៉ែន មាស មេបញ្ជាការស្ដីទី នៃកងពលតូចអន្តរាគម៍លេខ១៤ បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីអង្គភាពពន្ធនាគារ ដើម្បីហ្វឹកហាត់ការបាញ់គ្រាប់ពិត នៅកងពលតូចអន្តរាគម៍លេខ១៤ ខេត្តពោធិ៍សាត់ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ សរុបចំនួន៣០រូប ស្ត្រី ៤រូប ប្រើប្រាស់អាវុធចំនួន ១០ដើម គ្រាប់ចំនួន ៣០០គ្រាប់ ដោយមន្រ្តីម្នាក់ៗ អនុវត្តបាញ់គ្រាប់ពិតចំនួន ៩គ្រាប់ នៅទីលានបាញ់គ្រាប់ពិត កងពលតូចអន្តរាគម៍លេខ១៤៕


អប់រំ និងកីឡា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំប្រចាំឆ្នាំសិក្សា២០២៥-២០២៦ នៅអនុវិទ្យាល័យព្រះសីហនុក្រគរ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារអប់រំប្រចាំឆ្នាំសិក្សា២០២៥-២០២៦ នៅអនុវិទ្យាល័យព្រះសីហនុក្រគរ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្ដីទី ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន តំណាងរដ្ឋបាលឃុំក្បាលត្រាច លោក លោកស្រីមេភូមិទាំងអស់ក្នុងឃុំក្បាលត្រាច លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ គណៈកម្មការថ្នាក់រៀន និងមាតាបិតាសិស្សទាំងអស់ ដើម្បីរួមគ្នាពិនិត្យមើលវឌ្ឍនភាព និងកំណត់ទិសដៅអភិវឌ្ឍន៍វិស័យអប់រំក្នុងមូលដ្ឋាន។
សមិទ្ធផល និងលទ្ធផលការងារសម្រេចបាននាពេលកន្លងមក គឺជាកម្លាំងចិត្តដ៏ធំធេង និងជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មរវាងអាជ្ញាធរដែនដី អាណាព្យាបាលសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់ក្នុងសាលារៀន ក្នុងការលើកកម្ពស់គុណភាពអប់រំជូនដល់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


សន្តិសុខសង្គម
លោកអភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសោភណភាពផ្សារសាមគ្គីក្រគរ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរបានដឹកនាំកិច្ចប្រជុំមួយជាមួយម្ចាស់អាជីវកម្មភាស៊ីផ្សារ និងគណៈកម្មការផ្សារសាមគ្គីក្រគរ ដើម្បីពិភាក្សា និងដាក់ចេញវិធានការសំខាន់ៗ សំដៅពង្រឹងកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកែលម្អសោភណភាពក្នុងបរិវេណផ្សារទាំងមូលឱ្យកាន់តែល្អប្រសើរឡើង។
នៅក្នុងកិច្ចប្រជុំនោះលោកអភិបាលស្រុកបានលើកឡើងពីសារៈសំខាន់នៃការរក្សាបាននូវបរិយាកាសប្រកបដោយសុវត្ថិភាព និងអនាម័យសម្រាប់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលមកទិញទំនិញ ប្រចាំថ្ងៃ។
លោកក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសម្រាម សណ្តាប់ធ្នាប់ចតុកង់យានយន្ត និងការរៀបចំរបៀបរៀបរយក្នុងទីតាំងផ្សារ ដើម្បីធានាបាននូវកិច្ចសហការល្អ និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំស្វាគមន៍គម្រោងថ្មី «ស្ទឹង» របស់អង្គការ អាដ្រាកម្ពុជា នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កិច្ចប្រជុំសម្តែងការគួរសមពីតំណាងម្ចាស់ជំនួយប្រទេសញូវែលសេឡង់ (New Zealand) និងបុគ្គលិកអង្គការ អាដ្រាកម្ពុជា (ADRA) ខេត្តពោធិ៍សាត់ នៅសាលប្រជុំជាន់ទី២ រដ្ឋបាលខេត្ត ក្រោមអធិបតីភាព លោក លឹម សុខតូ អភិបាលរងខេត្តពោធិ៍សាត់ និងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារអង្គការ ADRA ថ្នាក់ជាតិ និងថ្នាក់ខេត្ត សរុបចំនួន ១៥រូប (ស្រី ៣រូប) កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ។
គោលបំណងសំខាន់នៃកិច្ចប្រជុំ ដើម្បីជម្រាបជូនអំពីការចាប់ផ្តើមអនុវត្តគម្រោងថ្មីដែលមានឈ្មោះថា «ស្ទឹង» ដែលនឹងត្រូវដាក់ឱ្យដំណើរការក្នុងឃុំសំរោង និងឃុំបាក់ចិញ្ចៀន។
គម្រោងនេះផ្តោតលើវិស័យអាទិភាពចំនួន៣ រួមមាន៖ វិស័យទឹកស្អាត, កម្មវិធីគ្រប់គ្រងគ្រោះមហន្តរាយ, កម្មវិធីលើកកម្ពស់ជីវភាពប្រជាជនតាមរយៈវិស័យកសិកម្ម៕


កសិកម្ម
កម្មវិធី ASPIRE-AT ខេត្តពោធិ៍សាត់ រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមមាន់ស្រែដល់សហគមន៍កសិកម្មអភិវឌ្ឍន៍មេទឹក
ពោធិ៍សាត់៖ ក្រុមការងារទទួលបន្ទុកកម្មវិធី ASPIRE-AT នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ សហការជាមួយគ្រូបង្គោល ផលិតកម្មមាន់ស្រែ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី វិធីសាស្រ្តគ្រប់គ្រងបច្ចេកទេសមុននិងក្រោយប្រមូលផលក្នុងផលិតកម្មមាន់ស្រែដល់សហគមន៍កសិកម្មអភិវឌ្ឍន៍មេទឹក ដែលមានសមាជិកចូលរួមសរុបចំនួន ២៥នាក់ ស្រី ១៦នាក់ ស្ថិតនៅភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
មានសកម្មភាព និងលទ្ធផលដូចខាងក្រោម៖ បច្ចេកទេសចិញ្ចឹមមាន់តាមបែបវៃឆ្លាត,ការជ្រើសរើសទីតាំង និងធ្វើទ្រុងកូនមាន់ មាន់ជំទង់ និងមាន់ធំ, ការជ្រើសរើសមេបាពូជ,ការផ្តល់ទឹក និងផ្សំចំណីមាន់,វិធានការការពារ ការប្រើថ្នាំ និងការព្យាបាលជំងឺ, ការដឹកជញ្ជូន និងផលប៉ះពាល់បរិស្ថាន និង ទីផ្សារ៕


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ អាំង សុជាតា ខូយរីដា ចុះជួបសំណេះសំណាល និងផ្តល់ការអប់រំសុខភាព ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ នៅមណ្ឌលសុខភាពឈើតុំ
លោកជំទាវ អាំង សុជាតា ខូយ រីដា បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សួរសុខទុក្ខ ផ្តល់ការអប់រំសុខភាព និងអំណោយមនុស្សធម៌ ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ សរុបចំនួន ១៤ នាក់ នៅមណ្ឌលសុខភាពឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

