
លោកអភិបាលស្រុកក្រគរ ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសោភណភាពផ្សារសាមគ្គីក្រគរ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរបានដឹកនាំកិច្ចប្រជុំមួយជាមួយម្ចាស់អាជីវកម្មភាស៊ីផ្សារ និងគណៈកម្មការផ្សារសាមគ្គីក្រគរ ដើម្បីពិភាក្សា និងដាក់ចេញវិធានការសំខាន់ៗ សំដៅពង្រឹងកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកែលម្អសោភណភាពក្នុងបរិវេណផ្សារទាំងមូលឱ្យកាន់តែល្អប្រសើរឡើង។ នៅក្នុងកិច្ចប្រជុំនោះលោកអភិបាលស្រុកបានលើកឡើងពីសារៈសំខាន់នៃការរក្សាបាននូវបរិយាកាសប្រកបដោយសុវត្ថិភាព និងអនាម័យសម្រាប់បងប្អូនអាជីវករ ក៏ដូចជាប្រជាពលរដ្ឋដែលមកទិញទំនិញ ប្រចាំថ្ងៃ។ លោកក៏បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសម្រាម សណ្តាប់ធ្នាប់ចតុកង់យានយន្ត និងការរៀបចំរបៀបរៀបរយក្នុងទីតាំងផ្សារ ដើម្បីធានាបាននូវកិច្ចសហការល្អ និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ៕











