
លោក ហេង សុភាណា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) នៅស្រុកវាលវែង
ខេត្តពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក «សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩) របស់រដ្ឋបាលឃុំ សម្រាប់ស្រុកវាលវែង» នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅបរិវេណសាលាស្រុកវាលវែង ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង ព្រមទាំង លោក លោកស្រី ជាតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការសាលាស្រុក និងអាជ្ញាធរឃុំយ៉ាងច្រើនកុះករ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសម្របសម្រួល និងធ្វើសមាហរណកម្មនូវគម្រោងស្នើសុំអាទិភាពនានារបស់រដ្ឋបាលឃុំក្នុងស្រុកវាលវែង ចូលទៅក្នុងផែនការសកម្មភាពរបស់មន្ទីរ-អង្គភាពជំនាញ ព្រមទាំងដៃគូអភិវឌ្ឍន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ សេវាសង្គម និងការលើកកម្ពស់ជីវភាពមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ឆ្នាំ២០២៧ ដល់ ២០២៩ ខាងមុខ៕










