ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

ធនធានទឹក និងឧតុនិយម
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យផលប៉ះពាល់ និងរៀបចំផែនការស្តារឡើងវិញនូវដំណាំស្រូវដែលខូចខាតដោយគ្រោះរាំងស្ងួត នៅស្រុកបាកាន
ពោធិ៍សាត់៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារជំនាញ ដោយមានការអមដំណើរពីលោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះប្រជុំភាក្សា និងពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់ដំណាំស្រូវដោយសារគ្រោះរាំងស្ងួត នៅក្នុងស្រុកបាកាន នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
ផ្អែកតាមរបាយការណ៍ និងការចុះពិនិត្យទីតាំងផ្ទាល់បានឱ្យដឹងថា ស្រុកបាកានមានឃុំចំនួន៦ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារបញ្ហាខកខានមិនមានភ្លៀងធ្លាក់ និងស្ថិតនៅឆ្ងាយពីប្រភពទឹក បណ្តាលឱ្យផ្ទៃដីស្រូវមួយចំនួនធំរងការខូចខាត រហូតមិនអាចសង្គ្រោះបានឡើយ។
ដើម្បីឆ្លើយតបចំពោះស្ថានការណ៍នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារពាក់ព័ន្ធ ត្រូវបន្តសហការចុះវាយតម្លៃ និងពិនិត្យលទ្ធភាពជាប្រញាប់ ក្នុងការផ្តល់ពូជស្រូវសម្រាប់ជួយកសិករស្តារការដាំដុះឡើងវិញ ព្រមទាំងរៀបចំស្បៀងអាហារឧបត្ថម្ភដល់គ្រួសារប្រជាកសិករដែលរងផលប៉ះពាល់ខ្លាំង ដើម្បីសម្រាលទុក្ខលំបាកបានទាន់ពេលវេលា៕


ធនធានទឹក និងឧតុនិយម
ស្ថានភាពធាតុអាកាស និងកម្រិតទឹកភ្លៀង ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៦
ពោធិ៍សាត់៖ យោងតាមការតាមដានស្ថានភាពធាតុអាកាស របស់មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ នាថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៦ នេះ ភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ ត្រូវបានកត់សម្គាល់ឃើញមាននៅតាមបណ្តាក្រុង-ស្រុកមួយចំនួន ដូចជា៖
-ផ្នែកខ្លះនៃស្រុកបាកាន៖ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ លាយឡំខ្យល់។
-ផ្នែកខ្លះនៃស្រុកកណ្តៀង៖ មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំខ្យល់។
-ផ្នែកខ្លះនៃក្រុងពោធិ៍សាត់៖ មានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ លាយឡំខ្យល់។


ធនធានទឹក និងឧតុនិយម
លោក តាំង សុផាត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃគម្រោងប្រព័ន្ធធារាសាស្ត្រអាទិភាពក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ លោក តាំង សុផាត អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងសហការី បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដែលមានភាពធន់នឹងអាកាសធាតុ និងការកាត់បន្ថយគ្រោះរាំងស្ងួត» ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅសាលប្រជុំមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះក៏មានការចូលរួមពី លោក គិត ផល អនុប្រធានមន្ទីរក្តាប់រួម នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។
ជាលទ្ធផល កិច្ចប្រជុំបានផ្តោតការពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៤ រួមមាន៖ វាយតម្លៃលើលទ្ធភាពបច្ចេកទេស និងស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង, ពិភាក្សាលើគម្រោងដែលមានការប្រឈមខ្លាំង ដើម្បីដាក់បញ្ចូលជាគម្រោងអាទិភាពចម្បងក្នុងផែនការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ, បង្ហាញពីសក្តានុពល និងផលប្រយោជន៍វែងឆ្ងាយនៃគម្រោងទៅអនាគត និងគ្រោងបន្តសកម្មភាពចុះពិនិត្យវាយតម្លៃដល់ទីតាំងគម្រោងផ្ទាល់៕


ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រក្រូចសើច ដើម្បីពង្រឹងប្រសិទ្ធភាពការស្រោចស្រព
ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ «ក្រូចសើច» ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាពលរដ្ឋ នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។
ប្រព័ន្ធធារាសាស្ត្រក្រូចសើច មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំ ២០ ហិកតា។
កិច្ចការងារថែទាំសំខាន់ៗរួមមាន៖ ថែទាំទំនប់ដីប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ), ព្រមទាំងសំណង់ទ្វារទឹក សំណង់ស្ទាក់ និងលូចែកចាយទឹកសរុប ១១ កន្លែង, ក្រុមការងារបាននិងកំពុងបន្តស្តារប្រឡាយមេ សម្អាតជើងទេរប្រឡាយបានប្រវែង ១,២០០ ម៉ែត្រ បង្ហាប់គ្រលុកដី និងសម្អាតជើងទេរផ្នែកខាងក្រៅ។
ការងារថែទាំជាប្រចាំនេះ នឹងជួយឱ្យការបែងចែកទឹកកាន់តែមានភាពល្អប្រសើរ ធានាបាននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់កសិករក្នុងមូលដ្ឋាន៕


ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បើកប្រជុំពង្រឹងការងារគ្រប់គ្រងទឹក និងតាមដានអាកាសធាតុ ឆ្លើយតបនឹងបាតុភូត El Niño
ពោធិ៍សាត់៖ លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារអន្តរាគមន៍ទឹក និងការតាមដានការងារឧតុនិយម-ជលសាស្ត្រ ដោយមានការចូលរួមពីមន្ត្រីកិច្ចសន្យាប្រចាំការតាមសំណង់ទ្វារទឹក ទំនប់ទឹក និងស្ថានីយវាស់វែងតាមបណ្តាស្រុកនានា នាថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះ លោកអនុប្រធានបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីមូលដ្ឋាន ក្នុងការគ្រប់គ្រង-បញ្ជាទ្វារទឹក និងការតាមដានកម្ពស់ទឹក ព្រមទាំងរបបទឹកភ្លៀងជាប្រចាំក្នុងរដូវវស្សាឆ្នាំ២០២៦នេះ បានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងបាតុភូត El Niño កន្លងមក។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យមន្ត្រីឆ្មាំទំនប់ និងមន្ត្រីជំនាញទាំងអស់ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីបន្តអន្តរាគមន៍ទឹក និងផ្តល់ព័ត៌មានឱ្យបានឆាប់រហ័សទាន់ពេលវេលា អំពីស្ថានភាពទឹកភ្លៀង ឬបាតុភូតព្យុះផ្សេងៗ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជ្រាបជាមុនផងដែរ៕


ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រ "ក្រូចសើច" ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្រោចស្រព
ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពចុះថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ ក្រូចសើច ដែលស្ថិតនៅក្នុងឃុំត្រពាំងជង ស្រុកបាកាន ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាកសិករ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។
ប្រព័ន្ធធារាសាស្ត្រក្រូចសើចនេះ មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំចំនួន ២០ ហិកតា។
នៅក្នុងសកម្មភាពថែទាំនេះ ក្រុមការងារបាននិងកំពុងបន្ត៖ កាយស្តារប្រឡាយមេ និងសម្អាតជើងទេរប្រឡាយបានប្រវែង ៥០០ ម៉ែត្រ និងការងារបច្ចេកទេស បង្ហាប់គ្រលុកដី និងសម្អាតតាមជើងទេរប្រឡាយផ្នែកខាងក្រៅ។
គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រនេះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមមាន ទំនប់ប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ) ព្រមទាំងសំណង់ទ្វារទឹក និងលូចែកចាយទឹកជាច្រើនកន្លែងទៀតផងដែរ៕


ធនធានទឹក និងឧតុនិយម
ស្ថានភាពទូទៅសម្រាប់កិច្ចការអន្តរាគមន៍ទឹកជួយសង្គ្រោះស្រូវវស្សា និងចុះវាយតម្លៃផលប៉ះពាល់ដំណាំស្រូវរដូវវស្សា ស្ថិតនៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
លោក គិត ផល អនុប្រធានក្តាប់រួមមន្ទីរធនធានទឹ និងឧតុនិយមខេត្តពោធិ៍សាត់បានចុះត្រួតពិនិត្យ និងចុះវាយតម្លៃផលប៉ះពាល់ស្រូវរដូវវស្សា នៅស្រុកបាកាន ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។
ស្ថានភាពទឹកបច្ចុប្បន្នរបស់អាងទំនប់ធំៗ រួមមាន៖ អាងទំនប់ទី៣ កំពុងបើកបង្ហូរទឹកអន្តរាគមន៍, អាងទំនប់ទី៥ កំពុងបើកបង្ហូរទឹកអន្តរាគមន៍។


ធនធានទឹក និងឧតុនិយម
ស្ថានភាព ទិដ្ឋភាព ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ របស់អាងស្តុកទឹក និងស្ថានីយ៍វាស់កម្ពស់ទឹក
ស្ថានភាព ទិដ្ឋភាព ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៦ របស់អាងស្តុកទឹក និងស្ថានីយ៍វាស់កម្ពស់ទឹកមានដូចជា:
-ទំនប់ទី ៥ មានកម្ពស់ទឹកជាក់ស្តែង ១០,០៥ម៉ែត្រ ដែលកម្ពស់ទឹកប្រុងប្រយ័ត្ន១១,០០ ម៉ែត្រ
-ទំនប់ ទី ៣ មានកម្ពស់ទឹកជាក់ស្តែង ១០,៨០ម៉ែត្រ ដែលកំពស់ទឹកប្រុងប្រយ័ត្ន ២១,០០ ម៉ែត្រ
-ស្ថានីយ៍ វាស់កម្ពស់ទឹក វាលវែង កំពស់ទឹកមាន ១,៩០ម៉ែត្រ កម្ពស់ប្រុងប្រយត្ន័ ៩,០០ ម៉ែត្រ
-ស្ថានីយ៍ វាស់កម្ពស់ទឹក បាក់ត្រកួន កំពស់ទឹកមាន -១,៦៩ម៉ែត្រ កម្ពស់ប្រុងប្រយ័ត្ន៦,០០ ម៉ែត្រ
-ស្ថានីយ៍ វាស់កម្ពស់ទឹក ក្បាលហុង កម្ពស់ទឹកមាន ១,៤០ម៉ែត្រ កម្ពស់ប្រុងប្រយត្ន័ ៥,០០ ម៉ែត្រ
- ស្ថានីយ៍ វាស់កម្ពស់ទឹក ចារឹក កម្ពស់ទឹកមាន ២,៧០ម៉ែត្រ កម្ពស់ប្រុងប្រយ័ត្ន ៦,០០ ម៉ែត្រ
សូមបញ្ជាក់ថា ក្រោយព្យុះទី៩ (បាវី) បានរលាយបាត់ត្រឹមថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៦មក ជំនន់ទឹកភ្លៀងរហ័សរយះពេលខ្លីពីជួរភ្នំក្រវាញ ពិសេសស្ទឹងប្រម៉ោយ (ស្ទឹងធំ) មិនបានប៉ះពាល់ និងបង្កមានជំនន់ដល់ផ្នែកខាងក្រោមតាមដងស្ទឹងពោធិ៍សាត់ឡើយ ។ មន្ទីរនៅតែបន្តសហការជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិក្នុងកិច្ចការអន្តរាគមន៍ជួយសង្គ្រោះបន្ថែមទឹករដូវវស្សារបស់បងប្អូនប្រជាកសិករដែលនៅធ្ងាយពីប្រភពទឹក៕


ធនធានទឹក និងឧតុនិយម
សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៦
សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៦


ធនធានទឹក និងឧតុនិយម
ស្ថានភាពស្រូវវស្សាមិនទាន់រងការខូចខាតឡើយ ខណៈមន្ទីរជំនាញកំពុងបើកទឹក និងត្រៀមទប់ទល់នឹង El Niño
តាមការពិនិត្យជាក់ស្តែង ទឹកស្ទឹងស្វាយដូនកែវ (ស្រុកបាកាន) ត្រង់ចំណុចស្ពានស្វាយដូនកែវ មានកម្ពស់ ១,៣៨ ម៉ែត្រ និងបានធ្លាក់ដល់ទំនប់បង្ហៀរច្រប់ហើយ។ ទោះជាយ៉ាងណា បណ្តាឃុំមួយចំនួននៅផ្នែកខាងក្រោមផ្លូវជាតិ រួមមាន ឃុំមេទឹក អូរតាប៉ោង បឹងបត់កណ្តោល និងឃុំស្រែស្តុក (ស្រុកកណ្តៀង) នៅតែមានតម្រូវការទឹកបន្ថែមសម្រាប់ដីស្រែដែលនៅឆ្ងាយពីប្រភពទឹក។


ធនធានទឹក និងឧតុនិយម
វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ ក្នុងខេត្តពោធិ៍សាត់
គោលបំណងពង្រឹងសមត្ថភាពដល់មន្ត្រីថ្នាក់ក្រោមជាតិ ជាពិសេសសមាជិកគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន លើការរៀបចំផែនការគ្រប់គ្រងអាងស្ទឹង-ទន្លេ។ ការណ៍នេះ គឺដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានទឹកចម្រុះ និងការប្រើប្រាស់ប្រភពទឹកប្រកបដោយសមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព សំដៅឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។


ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ សហការជាមួយនាយកដ្ឋានជំនាញ ចុះពិនិត្យទីតាំងដំឡើងស្ថានីយវាស់ទឹកភ្លៀង និងកម្ពស់ទឹកចំនួន ៨កន្លែង
ខេត្តពោធិ៍សាត់៖ ក្នុងគោលបំណងពង្រឹងសមត្ថភាពតាមដាន ព្យាករណ៍អាកាសធាតុ និងគ្រប់គ្រងប្រភពធនធានទឹកឱ្យកាន់តែមានប្រសិទ្ធភាព លោក ប៉ា សុវណ្ណារ៉េត ប្រធានការិយាល័យគ្រប់គ្រង និងអភិរក្ស នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះសហការជាមួយមន្ត្រីជំនាញនៃនាយកដ្ឋានឧតុនិយម និងជលសាស្ត្រ នៃក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។
សកម្មភាពចុះសហការនាព្រឹកនេះ គឺដើម្បីធ្វើការពិនិត្យ និងសិក្សាលើទីតាំងជាក់ស្តែង សម្រាប់រៀបចំដាក់ដំឡើងស្ថានីយវាស់វែង សរុបចំនួន ០៨កន្លែង ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ រួមមាន៖ ទីតាំងសម្រាប់ដំឡើងស្ថានីយវាស់ទឹកភ្លៀង ចំនួន ៦កន្លែង, ទីតាំងសម្រាប់ដំឡើងស្ថានីយវាស់កម្ពស់ទឹក និងលំហូរទឹកតាមបណ្តោយស្ទឹង ចំនួន ២កន្លែង។
ការចុះពិនិត្យជ្រើសរើសទីតាំងយុទ្ធសាស្ត្រទាំងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជួយឱ្យមន្ត្រីជំនាញអាចប្រមូលទិន្នន័យទឹកភ្លៀង និងកម្រិតកម្ពស់ទឹកស្ទឹងបានជាក់លាក់ ងាយស្រួលក្នុងការជូនដំណឹងជាមុន ក៏ដូចជាត្រៀមលក្ខណៈបង្ការ និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗបានទាន់ពេលវេលា៕


ធនធានទឹក និងឧតុនិយម
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តទម្លាក់ទឹកពីទំនប់ទី៥ ដើម្បីសង្គ្រោះស្រូវវស្សារបស់កសិករនៅស្រុកបាកាន
ពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បាននិងកំពុងបន្តយុទ្ធនាការអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវវស្សារបស់ប្រជាកសិករ នៅតាមបណ្តាតំបន់ដាច់ស្រយាលឆ្ងាយពីប្រព័ន្ធធារាសាស្ត្រ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកដោយសារកត្តាអាកាសធាតុ។
ដើម្បីដោះស្រាយបញ្ហាចំពោះមុខ មន្ទីរជំនាញបានទម្លាក់ទឹកបន្ថែមពីទំនប់ទី៥ ស្ទាក់ត្រង់ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល បង្ហូរតាមប្រឡាយមេបេតុងទៅបំពេញតាម អូរ បឹង បួរ ស្រះ និងទំនប់ស្ទាក់ទឹកនានា។ គិតមកទល់ពេលនេះ ទឹកអន្តរាគមន៍បានធ្លាក់ទៅដល់ដៃស្ទឹងស្វាយដូនកែវ ស្ថិតក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន ហើយ។
ទន្ទឹមនឹងនេះ ផ្អែកតាមការព្យាករណ៍អាកាសធាតុដែលថាអាចនឹងមាន «កូនរដូវប្រាំង» កើតឡើងខាងមុខ មន្ទីរជំនាញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់៖
ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ក្នុងការបែងចែក និងប្រើប្រាស់ទឹកដោយតម្លាភាព និងសមធម៌។
ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងសន្សំសំចៃទឹកក្នុងការប្រើប្រាស់ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងគ្រោះរាំងស្ងួតដែលអាចកើតឡើងដោយយថាហេតុ៕

