
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តសកម្មភាពថែទាំប្រព័ន្ធធារាសាស្ត្រក្រូចសើច ដើម្បីពង្រឹងប្រសិទ្ធភាពការស្រោចស្រព
ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានបន្តសកម្មភាពថែទាំជាប្រចាំនូវប្រព័ន្ធធារាសាស្ត្រ «ក្រូចសើច» ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងបែងចែកទឹកជូនប្រជាពលរដ្ឋ នាថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។ ប្រព័ន្ធធារាសាស្ត្រក្រូចសើច មានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១,០០០ ហិកតា ស្រូវប្រាំង ៣០០ ហិកតា និងដំណាំរួមផ្សំ ២០ ហិកតា។ កិច្ចការងារថែទាំសំខាន់ៗរួមមាន៖ ថែទាំទំនប់ដីប្រវែង ២,៥២០ ម៉ែត្រ, ប្រឡាយមេ ១ ខ្សែ (២,៨៩០ ម៉ែត្រ), ប្រឡាយរង ៣ ខ្សែ (៦,៣១០ ម៉ែត្រ), ប្រឡាយដោះទឹក ១ ខ្សែ (៤,៥០០ ម៉ែត្រ), ព្រមទាំងសំណង់ទ្វារទឹក សំណង់ស្ទាក់ និងលូចែកចាយទឹកសរុប ១១ កន្លែង, ក្រុមការងារបាននិងកំពុងបន្តស្តារប្រឡាយមេ សម្អាតជើងទេរប្រឡាយបានប្រវែង ១,២០០ ម៉ែត្រ បង្ហាប់គ្រលុកដី និងសម្អាតជើងទេរផ្នែកខាងក្រៅ។ ការងារថែទាំជាប្រចាំនេះ នឹងជួយឱ្យការបែងចែកទឹកកាន់តែមានភាពល្អប្រសើរ ធានាបាននូវប្រភពទឹកគ្រប់គ្រាន់សម្រាប់កសិករក្នុងមូលដ្ឋាន៕











