
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ បន្តទម្លាក់ទឹកពីទំនប់ទី៥ ដើម្បីសង្គ្រោះស្រូវវស្សារបស់កសិករនៅស្រុកបាកាន
ពោធិ៍សាត់៖ គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បាននិងកំពុងបន្តយុទ្ធនាការអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវវស្សារបស់ប្រជាកសិករ នៅតាមបណ្តាតំបន់ដាច់ស្រយាលឆ្ងាយពីប្រព័ន្ធធារាសាស្ត្រ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកដោយសារកត្តាអាកាសធាតុ។ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ មន្ទីរជំនាញបានទម្លាក់ទឹកបន្ថែមពីទំនប់ទី៥ ស្ទាក់ត្រង់ប្រព័ន្ធធារាសាស្ត្រដំណាក់អំពិល បង្ហូរតាមប្រឡាយមេបេតុងទៅបំពេញតាម អូរ បឹង បួរ ស្រះ និងទំនប់ស្ទាក់ទឹកនានា។ គិតមកទល់ពេលនេះ ទឹកអន្តរាគមន៍បានធ្លាក់ទៅដល់ដៃស្ទឹងស្វាយដូនកែវ ស្ថិតក្នុងឃុំស្វាយដូនកែវ ស្រុកបាកាន ហើយ។ ទន្ទឹមនឹងនេះ ផ្អែកតាមការព្យាករណ៍អាកាសធាតុដែលថាអាចនឹងមាន «កូនរដូវប្រាំង» កើតឡើងខាងមុខ មន្ទីរជំនាញសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់៖ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ក្នុងការបែងចែក និងប្រើប្រាស់ទឹកដោយតម្លាភាព និងសមធម៌។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងសន្សំសំចៃទឹកក្នុងការប្រើប្រាស់ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងគ្រោះរាំងស្ងួតដែលអាចកើតឡើងដោយយថាហេតុ៕











