
មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ សហការជាមួយនាយកដ្ឋានជំនាញ ចុះពិនិត្យទីតាំងដំឡើងស្ថានីយវាស់ទឹកភ្លៀង និងកម្ពស់ទឹកចំនួន ៨កន្លែង
ខេត្តពោធិ៍សាត់៖ ក្នុងគោលបំណងពង្រឹងសមត្ថភាពតាមដាន ព្យាករណ៍អាកាសធាតុ និងគ្រប់គ្រងប្រភពធនធានទឹកឱ្យកាន់តែមានប្រសិទ្ធភាព លោក ប៉ា សុវណ្ណារ៉េត ប្រធានការិយាល័យគ្រប់គ្រង និងអភិរក្ស នៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះសហការជាមួយមន្ត្រីជំនាញនៃនាយកដ្ឋានឧតុនិយម និងជលសាស្ត្រ នៃក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។ សកម្មភាពចុះសហការនាព្រឹកនេះ គឺដើម្បីធ្វើការពិនិត្យ និងសិក្សាលើទីតាំងជាក់ស្តែង សម្រាប់រៀបចំដាក់ដំឡើងស្ថានីយវាស់វែង សរុបចំនួន ០៨កន្លែង ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ រួមមាន៖ ទីតាំងសម្រាប់ដំឡើងស្ថានីយវាស់ទឹកភ្លៀង ចំនួន ៦កន្លែង, ទីតាំងសម្រាប់ដំឡើងស្ថានីយវាស់កម្ពស់ទឹក និងលំហូរទឹកតាមបណ្តោយស្ទឹង ចំនួន ២កន្លែង។ ការចុះពិនិត្យជ្រើសរើសទីតាំងយុទ្ធសាស្ត្រទាំងនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជួយឱ្យមន្ត្រីជំនាញអាចប្រមូលទិន្នន័យទឹកភ្លៀង និងកម្រិតកម្ពស់ទឹកស្ទឹងបានជាក់លាក់ ងាយស្រួលក្នុងការជូនដំណឹងជាមុន ក៏ដូចជាត្រៀមលក្ខណៈបង្ការ និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិផ្សេងៗបានទាន់ពេលវេលា៕










