
បង្គោលភ្លើងសូឡា ៣១ ដើម ត្រូវ បានបំពាក់នៅលើស្ពានតេជោសន្តិភាពឬស្សីជ្រុំ ក្រោមការយកចិត្តទុកដាក់ពីអភិបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភណ្ឌភាព និងបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តពោធិ៍សាត់បានបញ្ចប់ការដំឡើងបង្គោលភ្លើងដើរដោយថាមពលព្រះអាទិត្យ (សូឡា) ចំនួន ៣១ ដើម នៅលើស្ពានតេជោសន្តិភាពឬស្សីជ្រុំ ដែលប្រជាពលរដ្ឋទូទៅស្គាល់ថាជា «ស្ពានខ្ពស់»។ គម្រោងបំពាក់អំពូលភ្លើងសូឡា ត្រូវបានធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងគោលបំណងប្រែក្លាយតំបន់ស្ពានមួយនេះឱ្យមានពន្លឺភ្លឺច្បាស់នៅពេលរាត្រី និងប្រកបដោយសោភណ្ឌភាពទាក់ទាញ។ ការបំពាក់អំពូលសូឡានៅលើស្ពានខ្ពស់ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់បញ្ហាសន្តិសុខ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ផងដែរ ដោយសារស្ពានតេជោសន្តិភាពឬស្សីជ្រុំជាចំណុចតភ្ជាប់ផ្លូវដ៏សំខាន់មួយដែលមានទេសភាពធម្មជាតិស្រស់ស្អាត។ ប្រជាពលរដ្ឋរស់នៅតំបន់នោះបានបង្ហាញក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងប្រើប្រាស់ប្រភពថាមពលបៃតងប្រកបដោយចីរភាពបែបនេះ៕











