
ឯកឧត្តម ខូយ រីដា ថ្លែងអំណរគុណក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានរួមគ្នាតុបតែងលម្អផ្កាតាមទ្រូងផ្លូវជាតិលេខ៥
(ពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្មួយៗក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដើមី្បការអភិវឌ្ឍ និងលើកកម្ពស់សភ័ណភាពក្នុងខេត្ត។ កាយវិការដ៏ប្រពៃនេះ ត្រូវបានស្តែងឡើងតាមរយៈការចូលរួមដាំផ្កាក្រដាស និងផ្កាភួងមាល័យ ដើម្បីលម្អតាមទ្រូងផ្លូវជាតិលេខ៥ ចាប់ពីចំណុចផ្លូវវាងក្រុងពោធិ៍សាត់ រហូតដល់ស្រុកក្រគរ។ ប្រតិបត្តិការលើកកម្ពស់សម្រស់ដងផ្លូវនេះ ត្រូវបានរៀបចំ និងដឹកនាំដោយលោក ង៉ែត សុវណ្ណបញ្ញា ម្ចាស់ហាង «កោះកាហ្វេ» ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋផងដែរ៕










