
ដ្ឋបាលស្រុកក្រគរ ចុះយុទ្ធនាការដាំ និងកាត់ក្រៃមែកផ្កា ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងឃុំស្នាអន្សា
ពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកក្រគរ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះអនុវត្តសកម្មភាពរួមគ្នាដាំកូនផ្កា និងកាត់ក្រៃមែកផ្កា ស្ថិតនៅក្នុងឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សោភ័ណភាព និងអនាម័យបរិស្ថានក្នុងមូលដ្ឋានឱ្យកាន់តែមានភាពស្រស់ស្អាត។ សកម្មភាពនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់សាធារណៈ បង្កើនគម្របបៃតង និងបន្ថែមសោភ័ណភាពតាមដងផ្លូវឱ្យមានខ្យល់អាកាសបរិសុទ្ធ ស្រស់ស្រាយ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលឆ្លងកាត់តំបន់នោះ។ ក្រុមការងារបានរួមគ្នាកាត់ឆ្ការមែកឈើ និងមែកផ្កាដែលទ្រុឌទ្រោម ឬលូតលាស់គ្មានសណ្តាប់ធ្នាប់ ព្រមទាំងបានដាំបន្ថែមនូវប្រភេទដើមផ្កាផ្សេងៗ ដើម្បីលម្អតាមដងផ្លូវសាធារណៈ។ ការចូលរួមធ្វើកិច្ចការងារបរិស្ថាននាពេលនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំផុសស្មារតី និងជម្រុញឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចូលរួមស្រឡាញ់ បរិស្ថាន ថែរក្សាសោភ័ណភាព និងអនាម័យជុំវិញផ្ទះសម្បែង និងសហគមន៍របស់ខ្លួន ដើម្បីរួមចំណែកបង្កើតបរិស្ថានរស់នៅស្អាត និងមានសុខភាពល្អទាំងអស់គ្នា៕











