
សាលាស្រុកភ្នំក្រវាញ រៀបចំកម្មវិធីបើកសំណើដេញថ្លៃគម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យចំនួន ៥០ដើម ជូនដល់ប្រជាពលរដ្ឋ
ពោធិ៍សាត់៖ នៅសាលាស្រុកភ្នំក្រវាញ បានរៀបចំកម្មវិធីបើកសំណើដេញថ្លៃ សម្រាប់គម្រោងសាងសង់បង្គោលភ្លើងប្រើពន្លឺព្រះអាទិត្យ (សូឡា) តាមផ្លូវសាធារណៈចំនួន ៥០ដើម កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ ។ គម្រោងអភិវឌ្ឍន៍នេះ ត្រូវបានដាក់ឱ្យអនុវត្តនៅក្នុង ភូមិស្វាយប៉ាក និង ភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការរៀបចំដំឡើងប្រព័ន្ធបំភ្លឺសាធារណៈនេះ គឺក្នុងគោលបំណងចូលរួមចំណែកអភិវឌ្ឍមូលដ្ឋាន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅពេលយប់ ធានាបាននូវសន្តិសុខ សុវត្ថិភាពសង្គម កាត់បន្ថយហានិភ័យគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវក្នុងតំបន់ជនបទ។ កម្មវិធីបើកសំណើរដេញថ្លៃនេះ បានប្រព្រឹត្តទៅក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងតំណាងក្រុមហ៊ុន និងសហគ្រាសម៉ៅការសាងសង់នានា ដែលបានមកដាក់ពាក្យប្រកួតប្រជែងដេញថ្លៃដោយឈរលើស្មារតីប្រកួតប្រជែង តម្លាភាព ភាពយុត្តិធម៌ និងស្របតាមបទដ្ឋានលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់៕ សាយយ័ន្ដ វុន្នីយ៉ា











