ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារនាំយករៀបចំជណ្តើ និងស័ង្កសី ជួយដល់គ្រួសារខ្វះខាត និងចាស់ជរា ២ គ្រួសារ នៅសង្កាត់បន្ទាយដី
ពោធិ៍សាត់៖ លោក ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសម្រួល និងផ្តល់អំណោយសប្បុរសធម៌ផ្ទាល់ ជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាគ្មានទីពឹងចំនួន ២ គ្រួសារ រស់នៅក្នុងភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។
នៅក្នុងសកម្មភាពមនុស្សធម៌នេះ លោកអភិបាលរងខេត្ត និងក្រុមការងារ បានជួយជ្រោមជ្រែងដោះស្រាយការលំបាកជាក់ស្តែង រួមមាន៖ គ្រួសារទី១៖ រៀបចំ និងដាក់ជណ្តើឈើថ្មីជូន លោក គឹម សុវណ្ណ ដែលកំពុងជួបការលំបាកក្នុងការឡើងចុះ ដោយសារជណ្តើផ្ទះចាស់មានភាពពុកផុយ និងបាក់បែក, គ្រួសារទី២៖ ជួយទិញស័ង្កសីប្រគល់ជូនលោកមេភូមិ ដើម្បីចាត់ចែងសង់រោងជម្រកថ្មីនៅក្នុងវត្តកែវមុន្នី ជូន លោកតា វេ សៀង ដែលពិការភ្នែកទាំងសងខាង រួមជាមួយ លោកយាយចាស់ជរា ដែលគ្មានទីពឹងអាស្រ័យ។
កាយវិការ និងសកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ និងការជួយសម្រាលទុក្ខលំបាករបស់អាជ្ញាធរខេត្តពោធិ៍សាត់ ចំពោះប្រជាពលរដ្ឋទុរគត និងចាស់ជរាក្នុងមូលដ្ឋាន ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ត្រូវបានមើលរំលង ឬរស់នៅក្នុងភាពអស់សង្ឃឹមនោះឡើយ៕


សកម្មភាពអាជ្ញាធរ
ពិធីប្រគល់បណ្ណសមធម៌សុខាភិបាលជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបានរៀបចំឡើងនៅសាលាសង្កាត់រលាប ក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់បណ្ណសមធម៌សុខាភិបាល (មសស) ជូនដល់គ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ១៦ គ្រួសារ រស់នៅក្នុងសង្កាត់រលាប ដោយពិធីនេះបានប្រព្រឹត្តទៅនៅសាលាសង្កាត់រលាប ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។
ការប្រគល់បណ្ណសមធម៌សុខាភិបាលនាពេលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់អាជ្ញាធរក្រុងពោធិ៍សាត់ ក្នុងការឆ្លើយតបទៅនឹងគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា បងប្អូនអតីតយុទ្ធជន និងនិវត្តជនដែលធ្លាប់បានលះបង់កម្លាំងកាយចិត្តជូនជាតិ ទទួលបានការថែទាំសុខភាព និងការគាំពារយ៉ាងសមរម្យ។
លោក ផាយ ឡេង បានបញ្ជាក់ថា បណ្ណ មសស នេះ នឹងជួយសម្រួលបន្ទុកផ្នែកហិរញ្ញវត្ថុបានយ៉ាងច្រើនក្នុងគ្រួសារ ដោយអនុញ្ញាតឱ្យពួកគាត់អាចទៅពិនិត្យ និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ ឬមូលដ្ឋានសុខាភិបាលរដ្ឋដោយមិនអស់ប្រាក់។
លោកក៏បានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ថែរក្សាសុខភាព និងបណ្ណនេះឱ្យបានល្អ ដើម្បីប្រើប្រាស់ឱ្យចំគោលដៅ និងទាន់ពេលវេលានៅពេលជួបបញ្ហាសុខភាព៕


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះអន្តរាគមន៍ផ្ទាល់ជួយសង្គ្រោះអតីតយុទ្ធជន ៥០ គ្រួសារ ដែលជួបវិបត្តិខ្វះទឹកប្រើប្រាស់នៅស្រុកតាលោសែនជ័យ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូចុះអន្តរាគមន៍ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាអតីតយុទ្ធជនប្រមាណ ៥០ គ្រួសារ រស់នៅក្នុងភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ដែលកំពុងជួបប្រទះវិបត្តិគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ និងខ្វះខាតទឹកប្រើប្រាស់ជាចាំបាច់ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។
តំបន់ភូមិសំសាន្ត គឺជាតំបន់ដីសម្បទានសង្គមកិច្ចដំបូងគេបង្អស់សម្រាប់ខេត្តពោធិ៍សាត់ ដែលត្រូវបានបង្កើតឡើងដើម្បីផ្ដល់ជូនដីធ្លី និងជម្រកជូនដល់គ្រួសារអតីតយុទ្ធជន។ ដោយសារទីតាំងនេះស្ថិតនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល ទើបធ្វើឱ្យការប្រឈមមុខនឹងគ្រោះរាំងស្ងួតមានភាពធ្ងន់ធ្ងរ និងបង្កការលំបាកយ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យស្ថានភាពផ្ទាល់ ឯកឧត្តម ខូយ រីដា បានបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដោយបានដាក់ចេញនូវវិធានការឆ្លើយតបបន្ទាន់ ដើម្បីដឹកជញ្ជូន និងផ្គត់ផ្គង់ទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយសារការខ្វះខាតទឹកប្រើប្រាស់នោះឡើយ»៕


សកម្មភាពអាជ្ញាធរ
ពិធីប្រគល់បណ្ណសមធម៌សុខាភិបាល (មសស) ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៣៤គ្រួសារ នៅសង្កាត់ផ្ទះព្រៃ ខេត្តពោធិ៍សាត់
ពិធីប្រគល់បណ្ណសមធម៌សុខាភិបាល (មសស) ជូនដល់គ្រួសារអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៣៤គ្រួសារ រស់នៅក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមអធិបតីភាព លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។


កសិកម្ម
ការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការពន្លឺកុមារ រៀបចំផែនការកាត់បន្ថយឧស្ម័នមេតានលើផ្ទៃដីស្រែ ៥.០០០ ហិកតា នៅស្រុកបាកាន
ពោធិ៍សាត់៖ លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាអ្នកសហការដឹកនាំគ្រប់គ្រងកសិករ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការសកម្មភាព អនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័នមេតានក្នុងស្រែ តាមរយៈបច្ចេកទេស «ពន្លិច និងបង្គោក» កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។
គម្រោងនេះជាកិច្ចសហការជាមួយអង្គការពន្លឺកុមារ ដោយត្រូវអនុវត្តសាកល្បងលើផ្ទៃដីស្រែសរុបចំនួន ៥ ០០០ ហិកតា គ្របដណ្តប់លើឃុំចំនួន៣ ក្នុងស្រុកបាកាន រួមមាន ឃុំត្រពាំងជង ឃុំខ្នារទទឹង និងឃុំរំលេច។ សកម្មភាពគម្រោងនឹងចាប់ផ្តើមអនុវត្តផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ២០២៦ នេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។
ការអនុវត្តបច្ចេកទេសពន្លិច និងបង្គោកទឹកក្នុងស្រែនេះ មិនត្រឹមតែជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (ឧស្ម័នមេតាន) ចូលទៅក្នុងបរិយាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសិករសន្សំសំចៃទឹក ថវិកាក្នុងការបូមទឹក និងបង្កើនទិន្នផលស្រូវប្រកបដោយចីរភាពផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
កាដូប្រវត្តិសាស្ត្រផ្នែកអប់រំ! ឯកឧត្តម ខូយ រីដា អញ្ជើញចុះត្រួតពិនិត្យ និងពន្លឿនការជួសជុល «សាលារៀនជំនាន់ថ្មី» នៅវិទ្យាល័យពោធិ៍សាត់ ឱ្យទាន់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧
ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នូវវឌ្ឍនភាពនៃដំណើរការជួសជុលកែលម្អបណ្ណាល័យ និងអគារអាមេរិកាំង (USA) ឡើងវិញ ស្ថិតក្នុងវិទ្យាល័យពោធិ៍សាត់ ដើម្បីប្រែក្លាយទៅជា «សាលារៀនជំនាន់ថ្មី (NGS)»។


ការអភិវឌ្ឍ
បង្គោលភ្លើងសូឡា ៣១ ដើម ត្រូវ បានបំពាក់នៅលើស្ពានតេជោសន្តិភាពឬស្សីជ្រុំ ក្រោមការយកចិត្តទុកដាក់ពីអភិបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភណ្ឌភាព និងបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តពោធិ៍សាត់បានបញ្ចប់ការដំឡើងបង្គោលភ្លើងដើរដោយថាមពលព្រះអាទិត្យ (សូឡា) ចំនួន ៣១ ដើម នៅលើស្ពានតេជោសន្តិភាពឬស្សីជ្រុំ ដែលប្រជាពលរដ្ឋទូទៅស្គាល់ថាជា «ស្ពានខ្ពស់»។
គម្រោងបំពាក់អំពូលភ្លើងសូឡា ត្រូវបានធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងគោលបំណងប្រែក្លាយតំបន់ស្ពានមួយនេះឱ្យមានពន្លឺភ្លឺច្បាស់នៅពេលរាត្រី និងប្រកបដោយសោភណ្ឌភាពទាក់ទាញ។
ការបំពាក់អំពូលសូឡានៅលើស្ពានខ្ពស់ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់បញ្ហាសន្តិសុខ និងលើកកម្ពស់វិស័យទេសចរណ៍ក្នុងតំបន់ផងដែរ ដោយសារស្ពានតេជោសន្តិភាពឬស្សីជ្រុំជាចំណុចតភ្ជាប់ផ្លូវដ៏សំខាន់មួយដែលមានទេសភាពធម្មជាតិស្រស់ស្អាត។
ប្រជាពលរដ្ឋរស់នៅតំបន់នោះបានបង្ហាញក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តពោធិ៍សាត់ ដែលបានយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងប្រើប្រាស់ប្រភពថាមពលបៃតងប្រកបដោយចីរភាពបែបនេះ៕


បរិស្ថាន
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សហការជាមួយអង្គការ WA ចុះសិក្សាពីតម្រូវការសហគមន៍ដើម្បីផលប្រយោជន៍គម្រោងរេដបូក
កិច្ចប្រជុំពិគ្រោះយោបល់នេះ ផ្តោតសំខាន់លើការសិក្សាស្វែងយល់អំពីតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាសហគមន៍មូលដ្ឋាន ដើម្បើយកទៅរៀបចំផែនការអភិវឌ្ឍន៍ដែលផ្ដល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍។ ទន្ទឹមនឹងនេះ ដំណើរការ FPIC ក៏ជាយន្តការដ៏សំខាន់ក្នុងការធានាថា ប្រជាសហគមន៍ទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានសិទ្ធិពេញលេញក្នុងការសម្រេចចិត្ត ចូលរួមចំណែកក្នុងសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ។


កសិកម្ម
ត្រីគល់រាំងទម្ងន់ជាង ២០គីឡូក្រាមមួយក្បាល ត្រូវបានប្រជានេសាទប្រគល់ជូនអាជ្ញាធរលែងចូលធម្មជាតិវិញនៅស្រុកក្រគរ
ត្រីគល់រាំងមួយក្បាលនេះ មានទម្ងន់ ២៨គីឡូក្រាម និងប្រវែង ១,០៥ម៉ែត្រ ត្រូវបាននេសាទបានដោយចៃដន្យតាមរយៈឧបករណ៍លបណរ៉ាវ នៅចំណុចតាអួរឆ័ត្រ ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ដោយប្រជានេសាទឈ្មោះ ប៉ែន យុតថា រស់នៅភូមិទី០១ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ក្រោយនេសាទបាន ប្រជានេសាទរូបនេះបានរាយការណ៍ និងប្រគល់ជូនអាជ្ញាធរជំនាញដើម្បីលែងចូលទៅក្នុងតំបន់អភិរក្សវិញ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា ចុះពិនិត្យការជួសជុលអគារសិក្សានៅវិទ្យាល័យពោធិ៍សាត់ ដើម្បីរៀបចំជា សាលារៀនជំនាន់ថ្មី
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការជួសជុល និងកែលម្អបណ្ណាល័យ រួមទាំងអគារអាមេរិកាំង (USA) ស្ថិតនៅក្នុងវិទ្យាល័យពោធិ៍សាត់ ដើម្បីរៀបចំប្រែក្លាយទីតាំងទាំងនេះឱ្យទៅជា «សាលារៀនជំនាន់ថ្មី (NGS)» នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងជំរុញការងារបច្ចេកទេសឱ្យប្រព្រឹត្តទៅដោយរលូន ស្របតាមស្តង់ដារគុណភាព និងទាន់ពេលវេលា។ ការប្រែក្លាយអគារទាំងនេះទៅជាសាលារៀនជំនាន់ថ្មី នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបំពាក់សម្ភារឧបទេសទំនើបៗ បច្ចេកវិទ្យាឌីជីថល និងបង្កើតបរិយាកាសសិក្សាស្របតាមសម័យកាល បម្រើឱ្យការសិក្សារបស់សិស្សានុសិស្សក្នុងខេត្តពោធិ៍សាត់ឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីសារសំខាន់នៃការកែទម្រង់វិស័យអប់រំនៅថ្នាក់មូលដ្ឋាន និងបានណែនាំដល់ក្រុមការងារជំនាញឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ដើម្បីធានាបាននូវសុវត្ថិភាព និងផាសុកភាពសម្រាប់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ក្នុងការប្រើប្រាស់នាពេលខាងមុខ៕


សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុកបាកាន ដឹកនាំយុវជន និងអាជ្ញាធរកាត់តែង និងដាំដើមឈើឡើងវិញតាមបណ្តោយផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ ដើម្បីចូលរួមកែលម្អសោភ័ណភាព និងលើកកម្ពស់បរិស្ថានបៃតងតាមដងផ្លូវសាធារណៈ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន បានដឹកនាំយុទ្ធនាការចុះកាត់តែងមែកឈើ និងដាំជួសកូនឈើបន្ថែម នៅតាមបណ្តោយទ្រូងផ្លូវ និងសងខាងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
សកម្មភាពដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់មន្ត្រីរាជការជុំវិញស្រុក, អាជ្ញាធរឃុំបឹងខ្នារ, លោកគ្រូ-អ្នកគ្រូ, មេភូមិ, អនុភូមិ, កម្លាំងប្រជាការពារ និងក្រុមយុវជនក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។
ការចុះរៀបចំសោភ័ណភាពនាពេលនេះ មិនត្រឹមតែជួយឱ្យផ្លូវជាតិលេខ៥ មានបៃតងស្រស់ស្អាត និងមានរបៀបរៀបរយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ចរាចរណ៍ បង្កើនសុវត្ថិភាពក្នុងការធ្វើដំណើរ និងបំផុសស្មារតីស្រឡាញ់បរិស្ថានដល់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ៕


សកម្មភាពថ្នាក់ដឹកនាំ
វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន របស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ក្រោមជាតិនៅខេត្តពោធិ៍សាត់
មូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ និងគាំទ្រដោយអង្គការ UNICEF ប្រចាំកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកម្មវិធីជំនួយសង្គមឆ្លើយតបនឹងគ្រោះអាសន្ន នៅសាលប្រជុំទេព្យឧកញាឃ្លាំងមឿង ដោយមានអ្នកចូលរួមសរុប ១២០ រូប នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។


កសិកម្ម
មន្ត្រីបសុព្យាបាលខេត្តពោធិ៍សាត់ ១៣រូប ទទួលបានការបណ្តុះបណ្តាលស្ដីពីការឆ្លើយតបករណីផ្ទុះជំងឺសត្វ
វគ្គបណ្ដុះបណ្ដាលនេះ ទទួលបានការគាំទ្របច្ចេកទេស និងថវិកាពីគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងជម្រុញខ្សែច្រវាក់តម្លៃសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការសម្របសម្រួលពី លោក ឈឹម វុត្ថា ប្រធានការិយាល័យអេពីដេមីសាស្ត្រ និងវិភាគព័ត៌មាន។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងមន្ត្រីកិច្ចសន្យា នៃថ្នាក់ការិយាល័យផលិតកម្ម និងបសុព្យាបាល សរុបចំនួន ១៣ រូប (ក្នុងនោះស្ត្រី ២ រូប)។

