
ឯកឧត្តម ខូយ រីដា ចុះពិនិត្យការជួសជុលអគារសិក្សានៅវិទ្យាល័យពោធិ៍សាត់ ដើម្បីរៀបចំជា សាលារៀនជំនាន់ថ្មី
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការជួសជុល និងកែលម្អបណ្ណាល័យ រួមទាំងអគារអាមេរិកាំង (USA) ស្ថិតនៅក្នុងវិទ្យាល័យពោធិ៍សាត់ ដើម្បីរៀបចំប្រែក្លាយទីតាំងទាំងនេះឱ្យទៅជា «សាលារៀនជំនាន់ថ្មី (NGS)» នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដាន និងជំរុញការងារបច្ចេកទេសឱ្យប្រព្រឹត្តទៅដោយរលូន ស្របតាមស្តង់ដារគុណភាព និងទាន់ពេលវេលា។ ការប្រែក្លាយអគារទាំងនេះទៅជាសាលារៀនជំនាន់ថ្មី នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបំពាក់សម្ភារឧបទេសទំនើបៗ បច្ចេកវិទ្យាឌីជីថល និងបង្កើតបរិយាកាសសិក្សាស្របតាមសម័យកាល បម្រើឱ្យការសិក្សារបស់សិស្សានុសិស្សក្នុងខេត្តពោធិ៍សាត់ឱ្យកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីសារសំខាន់នៃការកែទម្រង់វិស័យអប់រំនៅថ្នាក់មូលដ្ឋាន និងបានណែនាំដល់ក្រុមការងារជំនាញឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ដើម្បីធានាបាននូវសុវត្ថិភាព និងផាសុកភាពសម្រាប់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ក្នុងការប្រើប្រាស់នាពេលខាងមុខ៕









