
ការិយាល័យផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការពន្លឺកុមារ រៀបចំផែនការកាត់បន្ថយឧស្ម័នមេតានលើផ្ទៃដីស្រែ ៥.០០០ ហិកតា នៅស្រុកបាកាន
ពោធិ៍សាត់៖ លោក ម៉ែន វណ្ណៈ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាអ្នកសហការដឹកនាំគ្រប់គ្រងកសិករ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការសកម្មភាព អនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័នមេតានក្នុងស្រែ តាមរយៈបច្ចេកទេស «ពន្លិច និងបង្គោក» កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។ គម្រោងនេះជាកិច្ចសហការជាមួយអង្គការពន្លឺកុមារ ដោយត្រូវអនុវត្តសាកល្បងលើផ្ទៃដីស្រែសរុបចំនួន ៥ ០០០ ហិកតា គ្របដណ្តប់លើឃុំចំនួន៣ ក្នុងស្រុកបាកាន រួមមាន ឃុំត្រពាំងជង ឃុំខ្នារទទឹង និងឃុំរំលេច។ សកម្មភាពគម្រោងនឹងចាប់ផ្តើមអនុវត្តផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ២០២៦ នេះ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។ ការអនុវត្តបច្ចេកទេសពន្លិច និងបង្គោកទឹកក្នុងស្រែនេះ មិនត្រឹមតែជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (ឧស្ម័នមេតាន) ចូលទៅក្នុងបរិយាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសិករសន្សំសំចៃទឹក ថវិកាក្នុងការបូមទឹក និងបង្កើនទិន្នផលស្រូវប្រកបដោយចីរភាពផងដែរ៕











