
អភិបាលរងខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារនាំយករៀបចំជណ្តើ និងស័ង្កសី ជួយដល់គ្រួសារខ្វះខាត និងចាស់ជរា ២ គ្រួសារ នៅសង្កាត់បន្ទាយដី
ពោធិ៍សាត់៖ លោក ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសម្រួល និងផ្តល់អំណោយសប្បុរសធម៌ផ្ទាល់ ជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាត និងចាស់ជរាគ្មានទីពឹងចំនួន ២ គ្រួសារ រស់នៅក្នុងភូមិកែវមុន្នី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នេះ ។ នៅក្នុងសកម្មភាពមនុស្សធម៌នេះ លោកអភិបាលរងខេត្ត និងក្រុមការងារ បានជួយជ្រោមជ្រែងដោះស្រាយការលំបាកជាក់ស្តែង រួមមាន៖ គ្រួសារទី១៖ រៀបចំ និងដាក់ជណ្តើឈើថ្មីជូន លោក គឹម សុវណ្ណ ដែលកំពុងជួបការលំបាកក្នុងការឡើងចុះ ដោយសារជណ្តើផ្ទះចាស់មានភាពពុកផុយ និងបាក់បែក, គ្រួសារទី២៖ ជួយទិញស័ង្កសីប្រគល់ជូនលោកមេភូមិ ដើម្បីចាត់ចែងសង់រោងជម្រកថ្មីនៅក្នុងវត្តកែវមុន្នី ជូន លោកតា វេ សៀង ដែលពិការភ្នែកទាំងសងខាង រួមជាមួយ លោកយាយចាស់ជរា ដែលគ្មានទីពឹងអាស្រ័យ។ កាយវិការ និងសកម្មភាពដ៏ប្រពៃនេះ បានស្តែងឱ្យឃើញពីស្មារតីយកចិត្តទុកដាក់ និងការជួយសម្រាលទុក្ខលំបាករបស់អាជ្ញាធរខេត្តពោធិ៍សាត់ ចំពោះប្រជាពលរដ្ឋទុរគត និងចាស់ជរាក្នុងមូលដ្ឋាន ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ត្រូវបានមើលរំលង ឬរស់នៅក្នុងភាពអស់សង្ឃឹមនោះឡើយ៕










