ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកអំពាវនាវឱ្យប្រជាពលរដ្ឋឈប់ចោលសំរាមពាសកាលលើដងផ្លូវ ដើម្បីរួមគ្នារក្សាអនាម័យ និងបរិស្ថាន
ពោធិ៍សាត់៖ ទោះបីជារដ្ឋបាលស្រុកក្រគរបានខិតខំរៀបចំសណ្តាប់ធ្នាប់ ដោយបានដាក់ស្លាកសញ្ញាផ្សព្វផ្សាយ និងដាក់លូសម្រាប់ចោលសំរាមរួចរាល់ហើយក្តី ក៏សង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច នៅតែបន្តបោះសំរាមចោលពាសកាលតាមដងផ្លូវសាធារណៈ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភ័ណភាព និងអនាម័យបរិស្ថាន។
ចំពោះករណីនេះ អាជ្ញាធរបានសម្តែងការសោកស្តាយ និងបានធ្វើការអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាបញ្ឈប់ការចោលសំរាមតាមដងផ្លូវ ហើយវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមកន្លែងដែលបានកំណត់។
រដ្ឋបាលស្រុក សូមសហការ និងយោគយល់ដល់ក្រុមការងារអនាម័យ ដែលត្រូវខិតខំប្រឹងប្រែងដើរប្រមូល និងរើសសំរាមជារៀងរាល់ថ្ងៃ។
រដ្ឋបាលស្រុកសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមសហការទាំងអស់គ្នា ដើម្បីប្រែក្លាយស្រុកក្រគរឱ្យមានបរិស្ថានស្អាត គ្មានសំរាម និងមានសោភ័ណភាពគួរឱ្យរស់នៅ៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុក ប្រគល់-ទទួល គម្រោងសំណង់ហុងស្ទាក់ទឹកព្រែកក្បាលរមាស ជូនអាជ្ញាធរឃុំអន្លង់វិល ដើម្បីគ្រប់គ្រង និងប្រើប្រាស់
គម្រោងសំណង់ស្ទាក់ទឹកនេះ រួមមាន៖ សំណង់ហុងស្ទាក់ទឹក មានបណ្តោយ ៣០ម៉ែត្រ ទទឹង ២១ម៉ែត្រ កម្ពស់ ៦ម៉ែត្រ និងមានម៉ារេវេនចំនួន៤ និងទំនប់សណ្តរ មានប្រវែង ៩០ម៉ែត្រ ខ្នងលើ ៣ម៉ែត្រ និងបាតក្រោម ៨ម៉ែត្រ។
សំណង់នេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការគ្រប់គ្រង និងរក្សាស្ទាក់ទឹក សម្រាប់ផ្គត់ផ្គង់ដល់វិស័យកសិកម្ម ជួយកាត់បន្ថយបញ្ហាខ្វះខាតទឹកស្រោចស្រព និងចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលស្រុក ទទួលការបង្ហាត់បង្ហាញពីឯកឧត្តមអភិបាលខេត្ត អំពីបច្ចេកទេសកាត់តែងដើមក្ងោក
ពោធិ៍សាត់៖ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលស្រុកក្រគរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានចូលរួមទទួលការបង្ហាត់បង្ហាញផ្ទាល់ពី ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អំពីបច្ចេកទេស និងវិធីសាស្ត្រក្នុងការកាត់តែងដើមក្ងោក នៅបរិវេណខាងមុខមន្ទីរពេទ្យបង្អែកក្រគរ ដើម្បីលើកកម្ពស់សោភ័ណភាព និងរក្សាបរិស្ថានបៃតងក្នុងមូលដ្ឋានឱ្យកាន់តែមានរបៀបរៀបរយ និងស្រស់ស្អាត៕


សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុក ចុះណែនាំម្ចាស់សត្វពាហនៈដែលលែងពាសកាល បន្ទាប់ពីមានការរិះគន់ពីសាធារណជន
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានអញ្ជើញជួបប្រជុំផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វពាហនៈក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលពាក់ព័ន្ធនឹងការលែងសត្វពាសវាលពាសកាល គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ រហូតមានការរិះគន់ពីសាធារណជន នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ។
នៅក្នុងជំនួបនោះ លោកអភិបាលស្រុកបានធ្វើការណែនាំ និងពន្យល់សម្របសម្រួល ដើម្បីរកចំណុចរួមគ្នាក្នុងការរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។
លោកបានបញ្ជាក់ថា ជាលទ្ធផល បងប្អូនប្រជាពលរដ្ឋជាម្ចាស់សត្វពាហនៈបានសម្តែងក្តីសប្បាយរីករាយ និងយល់ព្រមទទួលយកការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីយកទៅអនុវត្តឱ្យបានត្រឹមត្រូវ៕


សកម្មភាពអាជ្ញាធរ
ការិយាល័យប្រជាពលរដ្ឋ បើកទទួលការស្នើសុំសេវាដោយផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិក ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ លោក រ៉ម វណ្ណេះ ប្រធានការិយាល័យប្រជាពលរដ្ឋ បានឱ្យដឹងថា ប្រជាពលរដ្ឋបានអញ្ជើញមកស្នើសុំសេវាផ្សេងៗដោយផ្ទាល់ និងតាមប្រព័ន្ធអេឡិចត្រូនិកជាបន្តបន្ទាប់។ ក្នុងចំណោមអ្នកមកទទួលសេវាទាំងនោះ រួមមាន ប្រជាការពារភូមិ និវត្តជន (មន្ត្រីចូលនិវត្តន៍) ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនរូបទៀតផងដែរ៕


សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខសាធារណៈ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលស្រុកវាលវែង
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល សួរសុខទុក្ខ និងពង្រឹងការងារសន្តិសុខសាធារណៈក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ឯក គង់ បូណារ៉ាស៊ី នាយការិយាល័យ តំណាងលោកស្នងការរងទទួលទិសស្រុកវាលវែង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក-លោកស្រីជាអភិបាលរងស្រុក អធិការ អធិការរង នាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក នាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៣៩ រូប (ស្រី ៦ រូប)៕


សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ចុះពិនិត្យ និងសម្រួលផ្លូវធ្វើដំណើរឆ្ពោះទៅទីតាំងប្រារព្ធពិធីរុក្ខទិវា ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ អមដំណើរដោយប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងក្រុមការងារ បានចុះពិនិត្យ និងសម្រួលផ្លូវធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងសម្រាប់ប្រារព្ធ «ពិធីរុក្ខទិវា ៩ កក្កដា» នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពចុះពិនិត្យ និងរៀបចំផ្លូវនេះ ធ្វើឡើងដើម្បីសម្រួលដល់ការធ្វើដំណើរ និងត្រៀមលក្ខណៈរៀបចំពិធីដាំដើមឈើឱ្យបានរលូន សម្រាប់កម្មវិធីដែលត្រូវប្រារព្ធឡើងនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់៕


សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង ដឹកនាំក្រុមការងារនាំយកបច្ច័យ និងសម្ភារចូលរួមបុណ្យ ៧ថ្ងៃ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំមន្ត្រីរាជការសាលាស្រុក និងក្រុមយុវជនស្រុក អញ្ជើញចូលរួមពិធីបុណ្យគប់ខួប ៧ថ្ងៃ សពលោក សាម រ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម ដែលស្ថិតនៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអភិបាលស្រុក និងក្រុមការងារ បាននាំយកថវិកាចំនួន ១.៤៣០.០០០ រៀល (មួយលាន បួនសែនសាមសិបពាន់រៀល) ព្រមទាំងទឹកក្រូច ៥ កេស និងទឹកបរិសុទ្ធ ៥ កេស ដែលជាអំណោយសប្បុរសធម៌ទទួលបានពីការចូលរួមរបស់មន្ត្រីរាជការចំណុះរដ្ឋបាលស្រុក និងសប្បុរសជន ទៅប្រគល់ជូនគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត៕


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំស្ដីពី ការស្នើសុំពូជស្រូវ និងស្បៀងមួយចំនួនសម្រាប់ឆ្លើយតបជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំកិច្ចប្រជុំស្ដីពី «ការស្នើសុំស្រូវពូជ និងស្បៀងមួយចំនួន ដើម្បីឆ្លើយតបជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត» នៅសាលប្រជុំជាន់ទី២ សាលាខេត្តពោធិ៍សាត់។


សកម្មភាពអាជ្ញាធរ
ជំនួបសម្របសម្រួលជាមួយអាជីវករ ៧ តូប ដែលលក់ដូររំលោភលើចំណីផ្លូវ និងមាត់ស្ទឹងក្បាលស្ពានបំណក់
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលជាមួយអាជីវករផ្សារបំណក់ចំនួន ៧ តូប ពាក់ព័ន្ធនឹងការលក់ដូររំលោភចូលចំណីផ្លូវគល់ស្ពាន និងចំណីមាត់ស្ទឹងក្បាលស្ពានបំណក់ ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើរ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកតាលោសែនជ័យ ផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ឯកឧត្តម ខូយ រីដា និងលោកជំទាវ ដែលបានឧបត្ថម្ភដីឡូត៍ជូនមន្ត្រីរាជការ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ តំណាងឱ្យក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ អាំង សុជាតា ខូយ រីដា ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លាជាដីឡូត៍ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស្រុកទាំងអស់។
អំណោយដីឡូត៍នេះ គឺជាការយកចិត្តទុកដាក់ និងគិតគូរយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ក្នុងការជួយសម្រាលបន្ទុកជីវភាព ព្រមទាំងជាកម្លាំងចិត្តយ៉ាងធំធេងដល់មន្ត្រីរាជការស្រុកតាលោសែនជ័យ ឱ្យកាន់តែខិតខំបំពេញបេសកកម្មបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត៕


សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវ៉ាញ ចុះពិនិត្យការដ្ឋានជួសជុលចាក់បេតុងបិទគម្របលូ ក្នុងឃុំលាច
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវ៉ាញ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសកម្មភាពការដ្ឋានជួសជុល និងចាក់បេតុងបិទគម្របលូទឹក ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងពន្លឿនការងារកសាង និងធានានូវគុណភាពគម្របលូ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង បើកកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយវឌ្ឍនភាពគម្រោង រេដបូក (REDD+) នៃតំបន់ជួរភ្នំក្រវ៉ាញកណ្ដាល
ពោធិ៍សាត់៖ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីវឌ្ឍនភាពឆមាសទី១ ឆ្នាំ២០២៦ និងឯកសារសំខាន់ៗនៃគម្រោងរេដបូក (REDD+) ព្រមទាំងកម្មវិធីតំបន់ទេសភាពជួរភ្នំក្រវ៉ាញកណ្ដាល នៃឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកវាលវែង ។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គឹម ណុង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី លោក ធាង ឡេង អភិបាលស្រុកវាលវែង (តំណាងឯកឧត្ដម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់) លោក អ៊ុំ សូនី ប្រធានតំណាងអង្គការ CI តំណាងរដ្ឋបាលស្រុកភ្នំក្រវ៉ាញ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ និងភាគីពាក់ព័ន្ធជាច្រើនរូបមកពីស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ៕

