ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

អប់រំ និងកីឡា
លោក លឹម វុទ្ធី បើកកិច្ចប្រជុំស្តីពីស្តង់ដាសាលាគំរូ និងចុះពិនិត្យបរិស្ថានសាលារៀន ក្នុងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីអំពី «ស្តង់ដាសាលាគំរូ» នៅសាលាបឋមសិក្សាកោះចម្លង ព្រមទាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យវត្តហ្លួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរបានអញ្ជើញចុះពិនិត្យផ្ទាល់លើស្ថានភាពបរិស្ថាន អនាម័យ និងភាពបៃតងជុំវិញបរិវេណសាលារៀន ដើម្បីជំរុញការលើកកម្ពស់គុណភាពអប់រំ និងការរៀបចំសាលារៀនឱ្យស្របតាមស្តង់ដាសាលាគំរូ ប្រកបដោយបរិស្ថានសិក្សាស្អាត និងមានសុវត្ថិភាពសម្រាប់សិស្សានុសិស្ស៕


អប់រំ និងកីឡា
អនុប្រធានមន្ទីរអប់រំខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារចុះពង្រឹងការងាររដ្ឋបាល និងកែលម្អបរិស្ថាននៅសាលាបឋមសិក្សាច១
ពោធិ៍សាត់៖ លោកស្រី លឹម សុផល្លី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ ចុះផ្ទាល់ដល់សាលាបឋមសិក្សាច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងឱកាសនោះ ក្រុមការងារបានចូលរួមសម្រួល និងរៀបចំការងាររដ្ឋបាលសាលា កែលម្អបរិស្ថានជុំវិញ លើកកម្ពស់សោភ័ណភាព និងអនាម័យសាលារៀនឱ្យមានបរិយាកាសល្អប្រសើរ។ ជាមួយគ្នានេះ លោកស្រីអនុប្រធានមន្ទីរ ក៏បានអញ្ជើញពិនិត្យមើលសកម្មភាពនៃការរៀន និងបង្រៀនជាក់ស្តែងរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអប់រំនៅមូលដ្ឋាន បង្កើនប្រសិទ្ធភាពការងាររដ្ឋបាលសាលារៀន និងលើកកម្ពស់គុណភាពនៃការបង្រៀន និងរៀនរបស់គ្រូនិងសិស្សនៅតំបន់នោះឱ្យកាន់តែមានគុណភាព៕


អប់រំ និងកីឡា
ប្រធានមន្ទីរអប់រំខេត្តពោធិ៍សាត់ ដឹកនាំក្រុមការងារចុះពង្រឹងការងារ និងឧបត្ថម្ភសម្ភារៈដល់សាលាបឋមសិក្សាស្ទឹងមេទឹក ក្នុងស្រុកវាលវែង
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ ចុះទៅកាន់សាលាបឋមសិក្សាស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ដែលជាសាលារៀនចងសម្ព័ន្ធមេត្រីភាពជាមួយមន្ទីរអប់រំខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។
នៅក្នុងបេសកកម្មនេះ ក្រុមការងារបានរួមគ្នាចុះជួយរៀបចំការងាររដ្ឋបាល កែលម្អបរិស្ថានសាលារៀន លើកកម្ពស់សោភណភាព និងដាំដើមឈើបន្ថែម។ ជាមួយគ្នានេះ លោកប្រធានមន្ទីរបានអញ្ជើញពិនិត្យមើលសកម្មភាពបង្រៀន និងរៀនជាក់ស្តែងរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងបាននាំយកនូវសម្ភារៈសិក្សា និងសម្ភារៈការិយាល័យមួយចំនួន ផ្តល់ជូនដល់សាលារៀនដោយផ្ទាល់ផងដែរ។
សកម្មភាពចុះជួយដោយផ្ទាល់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្ទីរអប់រំ និងសាលារៀនសម្ព័ន្ធមេត្រីភាព ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ និងលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សានុសិស្សនៅតំបន់ដាច់ស្រយាលឱ្យកាន់តែប្រសើរឡើង៕


អប់រំ និងកីឡា
មន្ទីរអប់រំខេត្ត បើកសិក្ខាសាលាតម្រង់ទិសស្តីពីការអនុវត្តកម្មវិធីបង្កើតហ្គេម ដល់នាយកវិទ្យាល័យទាំង១៧
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាតម្រង់ទិសស្ដីពីការអនុវត្តកម្មវិធីនវានុវត្តន៍បច្ចេកវិទ្យាឌីជីថលនៅតាមសាលារៀន» លើមុខវិជ្ជាអប់រំបង្កើតហ្គេម (Game Changers Coalition) ដែលបានរៀបចំឡើងនៅសាលប្រជុំមន្ទីរអប់រំ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
អង្គសិក្ខាសាលានេះ មានការចូលរួមយ៉ាងកុះករពីសំណាក់លោក-លោកស្រី ដែលជាគណៈគ្រប់គ្រងវិទ្យាល័យទាំង១៧ មកពីទូទាំងខេត្ត។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពការងារ និងជំរុញការបញ្ចូលបច្ចេកវិទ្យាឌីជីថលទំនើបៗ ទៅក្នុងការអប់រំ ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អាចចាប់យកជំនាញបច្ចេកវិទ្យាថ្មីៗ ស្របតាមបរិបទអប់រំសម័យទំនើប៕


អប់រំ និងកីឡា
មន្ទីរអប់រំខេត្តពោធិ៍សាត់ ចុះរៀបចំទីតាំងរុះរើអគារឈើចាស់ ដើម្បបោះទីតាំងសាងសង់ទារកដ្ឋានថ្មី
ពោធិ៍សាត់៖ លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ព្រមទាំងក្រុមការងារបច្ចេកទេស បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីពន្លឿននីតិវិធីច្បាប់ក្នុងការរុះរើអគារឈើ១ខ្នង មាន៤បន្ទប់ របស់មត្តេយ្យពោធិ៍សាត់ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២៦។
ការរៀបចំរុះរើអគារឈើចាស់នេះ ធ្វើឡើងដើម្បីរៀបចំដីទំនេរសម្រាប់សាងសង់អគារទារកដ្ឋានថ្មី នៅក្នុងសាលាមត្តេយ្យធនធានពោធិ៍សាត់ សំដៅពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំ និងការថែទាំកុមារតូចឱ្យកាន់តែមានស្តង់ដារ សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់អាណាព្យាបាលក្នុងមូលដ្ឋាន៕


អប់រំ និងកីឡា
មន្ទីរអប់រំខេត្តពោធិ៍សាត់ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការបង្រៀនសម្របតាមសមត្ថភាពសិស្ស» ជូនលោកគ្រូអ្នកគ្រូក្នុងកម្រងបឋមសិក្សាចំនួនពីរ
ពោធិ៍សាត់៖ លោក បេង ឆវីរៈ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គសិក្ខាសាលាលើកកម្ពស់សមត្ថភាពគរុកោសល្យ ស្តីពី «ការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM)» ដែលបានរៀបចំឡើងនៅកម្រងបឋមសិក្សាកែវសុវណ្ណ និងកម្រងបឋមសិក្សាកែវមុន្នី។
វគ្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងអភិវឌ្ឍវិធីសាស្ត្របង្រៀនរបស់លោកគ្រូ អ្នកគ្រូ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្តោតលើការឆ្លើយតបទៅតាមកម្រិត និងសមត្ថភាពជាក់ស្តែងរបស់សិស្សម្នាក់ៗ សំដៅលើកកម្ពស់គុណភាពនៃការសិក្សា និងការយល់ដឹងរបស់សិស្សានុសិស្សនៅកម្រិតបឋមសិក្សាឱ្យកាន់តែប្រសើរឡើង៕


អប់រំ និងកីឡា
លោក លឹម វុទ្ធី ចុះពិនិត្យការសាងសង់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាខូយ រី ម្លប់ពោធិ៍កតាអោន ស្រុកវាលវែង
ពោធិ៍សាត់៖ លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលដំណើរការសាងសង់អគារសិក្សាថ្មី នៅសាលាបឋមសិក្សាខូយ រី ម្លប់ពោធិ៍កតាអោន ដែលស្ថិតនៅភូមិក្រសាំងព្នៅ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
អគារសិក្សាថ្មីនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ដែលបានផ្តល់ជូនដើម្បីលើកកម្ពស់វិស័យអប់រំនៅតំបន់ដាច់ស្រយាល ព្រមទាំងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធសិក្សាប្រកបដោយសមរម្យ សុវត្ថិភាព និងភាពងាយស្រួល ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងមូលដ្ឋាន៕


អប់រំ និងកីឡា
បេក្ខជនបាក់ឌុបម្នាក់ ឡើងឈាម និងបេះដូងលោតញាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ បេក្ខជនមួយរូបឈ្មោះ យន់ រដ្ឋា ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយសារមានអាការៈអស់កម្លាំងខ្លាំង សម្ពាធឈាមឡើងខ្ពស់ និងបេះដូងលោតញាប់ខុសធម្មតា រហូតមិនអាចបន្តការធ្វើវិញ្ញាសាប្រឡងបាន នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:២០នាទី នៅក្នុងមណ្ឌលប្រឡងវិទ្យាល័យ ពោធិ៍សាត់ (ត្បូង)។
ករណីនេះ គ្រូពេទ្យប្រចាំការ បានបញ្ជូនបេក្ខជនរូបនេះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ជាបន្ទាន់ ដើម្បីទទួលការសង្គ្រោះ និងព្យាបាលទាន់ពេលវេលា។
ជាមួយគ្នានោះដែរ ក៏មានអ្នកសង្កេតការណ៍ស្ម័គ្រចិត្តនៃក្រុមការងារ អ.ប.ព. (ACU) ម្នាក់ បានរួមដំណើរតាមរថយន្តសង្គ្រោះបន្ទាន់ ដើម្បីតាមដាន និងសម្រួលសភាពការណ៍ជូនបេក្ខជនផងដែរ៕


អប់រំ និងកីឡា
ដំណើរការប្រឡងបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ បានចាប់ផ្តើមបើកជាផ្លូវការ នៅទូទាំងប្រទេស និងខេត្តពោធិ៍សាត់
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចាប់ផ្តើមជាផ្លូវការទូទាំងប្រទេស រួមទាំងខេត្តពោធិ៍សាត់។ នៅមណ្ឌលវិទ្យាល័យពោធិ៍សាត់ ឯកឧត្តម អ៊ឹម កុច និងឯកឧត្តម ខូយ រីដា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវិញ្ញាសារ និងពិនិត្យមើលដំណើរការប្រឡងយ៉ាងយកចិត្តទុកដាក់។


អប់រំ និងកីឡា
ឯកឧត្តម អ៊ឹម កុច ចុះត្រួតពិនិត្យមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់
ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការនៅមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់ (កើត) និងអនុវិទ្យាល័យពោធិ៍សាត់ (លិច) ដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់ និងភាពរលូននៃការប្រឡង៕


អប់រំ និងកីឡា
សម្ពោធជាផ្លូវការសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់
លោក អ៊ុយ សុធាវី បានអញ្ជើញបើកកម្មវិធី សម្ពោធជាផ្លូវការសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងពោធិ៍សាត់


អប់រំ និងកីឡា
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ ACU ចុះពិនិត្យមណ្ឌលប្រឡងបាក់ឌុបនៅខេត្តពោធិ៍សាត់
ភ្នាក់ងារសង្កេតការណ៍ ACU បានចុះពិនិត្យមណ្ឌលប្រឡងបាក់ឌុបចំនួនពីរ គឺវិទ្យាល័យពោធិ៍សាត់ (ជើង) និង (ត្បូង) ដើម្បីត្រួតពិនិត្យដំណើរការរៀបចំសម្រាប់ការប្រឡងសម័យថ្ងៃទី១០ សីហា ២០២៦ ក្រោមការអមដំណើរពីមន្ត្រីមន្ទីរអប់រំ និងថ្នាក់ដឹកនាំសាលា។


អប់រំ និងកីឡា
មន្ទីរអប់រំខេត្តពោធិ៍សាត់ សហការជាមួយ ACU ចុះត្រួតពិនិត្យសុវត្ថិភាពមណ្ឌលប្រឡងចំនួន២ ក្នុងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ លោក ម៉ក់ ពេញ ប្រធានការិយាល័យប្រឡង នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ (តំណាងលោក លឹម វុទ្ធី ប្រធានមន្ទីរ) ព្រមទាំងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) រសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យសុវត្ថិភាព និងការរៀបចំនៅមណ្ឌលប្រឡងអនុវិទ្យាល័យពោធិ៍សាត់ (កើត) និងមណ្ឌលអនុវិទ្យាល័យពោធិ៍សាត់ (លិច) ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ និងមានសណ្ដាប់ធ្នាប់ល្អ៕

