
លោក ហេង សុភាណា អញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិកបក្សនៅភូមិដប់បាត សង្កាត់លលកស
ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយសង្កាត់លលកស បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋជាសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។ នៅក្នុងពិធីសំណេះសំណាលនោះ លោក ហេង សុភាណា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងសមាជិក-សមាជិកាគណបក្សទាំងអស់នៅមូលដ្ឋាន។ ជាមួយគ្នានោះដែរ លោកប្រធានក្រុមការងារក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការចូលរួមយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋក្នុងការទ្រទ្រង់កិច្ចការងារបក្ស និងការអភិវឌ្ឍមូលដ្ឋាននាពេលកន្លងមក។ កម្មវិធីសំណេះសំណាលនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល និងកក់ក្តៅជាពន់ពេក ដែលស្តែងចេញពីការយកចិត្តទុកដាក់ស្អិតរមួតរវាងថ្នាក់ដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕











