
ក្រុមការងារឃុំរាំងទិល ចុះសកម្មភាពនៅចុងសប្តាហ៍ ដើមី្បពិនិត្យសុពលភាពអត្តសញ្ញាណបណ្ណ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋ
ពោធិ៍សាត់៖ នៅចុងសប្តាហ៍នេះ ក្រុមការងារឃុំរាំងទិល បានបន្តចុះបេសកកម្មយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ដើម្បីពិនិត្យសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងស្រង់ទិន្នន័យប្រជាពលរដ្ឋដែលគ្រប់អាយុ ក្នុងគោលបំណងជម្រុញ និងសម្រួលនីតិវិធីនៃការធ្វើអត្តសញ្ញាណបណ្ណថ្មីជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងការងាររដ្ឋបាល និងសេវាសាធារណៈនេះ ក្រុមការងារក៏បានចុះផ្លាស់ប្តូរស្លាកគណបក្សដែលចាស់ទ្រុឌទ្រោមតាមខ្នងផ្ទះប្រជាពលរដ្ឋបានចំនួន ៩ ស្លាកផងដែរ។ បន្ថែមពីលើនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពគ្រួសារក្នុងសហគមន៍ ក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយជា "ឃីតកូនខ្ចី" (សម្ភារប្រើប្រាស់សម្រាប់ទារក) ចែកជូនដល់គ្រួសារដែលមានទារកទើបនឹងកើតបានចំនួន ២ គ្រួសារ ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាពន់ពេក៕











