
គណៈកម្មាធិការយុវជនគណបក្សស្រុកក្រគរ រៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ និងជាប្រធានយុវជនគណបក្សស្រុក បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Online Meeting) ដើម្បីពិភាក្សា និងតម្រង់ទិសលើ «ការពង្រឹងការងារយុវជនគណបក្សស្រុក និងយុវជនគណបក្សទាំង ១១ ឃុំ» ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា នៃក្រុមការងារយុវជនគណបក្សស្រុក និងប្រធាន-អនុប្រធាន ព្រមទាំងតំណាងយុវជនគណបក្សមកពីឃុំទាំង ១១ ទូទាំងស្រុកក្រគរ។ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនេះ លោក អ៊ន សុផល្លា បានលើកឡើងអំពីទិសដៅការងារសំខាន់ៗ ក្នុងការបន្តពង្រឹងរចនាសម្ព័ន្ធ កម្លាំងសាមគ្គីភាព និងប្រសិទ្ធភាពនៃការអនុវត្តភារកិច្ចរបស់យុវជនគណបក្សនៅតាមមូលដ្ឋាន។ លោកប្រធានយុវជនគណបក្សស្រុក ក៏បានផ្តាំផ្ញើ និងជំរុញឱ្យយុវជនគណបក្សទាំង ១១ ឃុំ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ចុះផ្ទាល់ជាមួយប្រជាពលរដ្ឋ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងស្រុកក្រគរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕











