
ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះសួរសុខទុក្ខ និងប្រគល់បណ្ណសមាជិកបក្សក្នុងប្រព័ន្ធ IT ជូនសមាជិកនៅភូមិគក
ពោធិ៍សាត់៖ ក្រោយបញ្ចប់ម៉ោងការងារផ្លូវការ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ រួមដំណើរជាមួយក្រុមការងារគណបក្សចុះជួយភូមិគក បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខសមាជិកគណបក្សប្រជាជនកម្ពុជា ដល់ខ្នងផ្ទះស្ថិតក្នុងភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកប្រធានក្រុមការងារ និងប្រតិភូអមដំណើរ បាននាំយកបណ្ណសមាជិកគណបក្សដែលបានបញ្ចូល និងភ្ជាប់ទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) រួចរាល់ មកប្រគល់ជូនសមាជិកគណបក្សម្នាក់ៗយ៉ាងយកចិត្តទុកដាក់។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បាននាំយកនូវថវិកា និងសម្ភារប្រើប្រាស់មួយចំនួន ចែកជូនដល់សមាជិកគណបក្សក្នុងភូមិគក ដើម្បីជួយសម្រាលជីវភាព និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំចំពោះសមាជិកនៅតាមមូលដ្ឋានផងដែរ៕











