
លោកប្រធានក្រុមការងារឃុំកណ្តៀង ចុះមូលដ្ឋានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងនាំយកសមិទ្ធផល និងអំណោយចែកជូនសហគមន៍
ពោធិ៍សាត់៖ លោកប្រធានក្រុមការងារចុះជួយឃុំកណ្តៀង ព្រមទាំងសហការី បានបន្តចុះអនុវត្តសកម្មភាពការងារយ៉ាងសកម្មនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំឱ្យកាន់តែមានភាពប្រសើរឡើង។ ក្នុងបេសកកម្មចុះមូលដ្ឋាននាពេលនេះ ក្រុមការងារបានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ពិសេសចាស់ព្រឹទ្ធាចារ្យក្នុងភូមិ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងក្តីបារម្ភចំពោះសុខុមាលភាពរបស់ពួកគាត់។ ជាមួយគ្នានេះដែរ ក្រុមការងារក៏បាននាំយកអំណោយជាឃីតកូនខ្ចី ចែកជូនដល់គ្រួសារសមាជិកបក្សដែលមានទារកទើបនឹងកើត ដើម្បីជួយសម្រាលបន្ទុកជីវភាពមួយកម្រិតផងដែរ។ ក្រៅពីការងារសង្គមកិច្ច និងមនុស្សធម៌ ក្រុមការងារឃុំកណ្តៀងក៏បានជំរុញការងារអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ដោយបានរៀបចំដំឡើងប្រព័ន្ធអំពូលសូឡាបំភ្លឺសាធារណៈតាមដងផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងពង្រឹងសុវត្ថិភាពជូនប្រជាពលរដ្ឋនាពេលរាត្រី ព្រមទាំងបានដាក់លូសំរាមនៅតាមទីតាំងសាធារណៈសំខាន់ៗ ដើម្បីលើកកម្ពស់អនាម័យ បរិស្ថាន និងកាត់បន្ថយការចោលសំរាមពាសវាលពាសកាលក្នុងសហគមន៍៕











