
ថ្នាក់ដឹកនាំស្រុកវាលវែង និងតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ អញ្ជើញធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនមន្ត្រីនគរបាល និងប្រជាការពារភូមិ ៥រូប ដែលបានពលីជីវិត
ស្រុកវាលវែង៖ ឯកឧត្ដម កែវ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង អមដំណើរដោយលោក ធាង ឡេង អភិបាលស្រុកវាលវែង ព្រមទាំងក្រុមប្រឹក្សាស្រុក បានអញ្ជើញជាអធិបតីក្នុងពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធមន្ត្រីនគរបាល និងប្រជាការពារភូមិចំនួន ៥រូប ដែលបានបូជាជីវិតក្នុងកិច្ចការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ វីរជនទាំង ៥រូប ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងប្រជាជន រួមមាន៖ -លោក សាម រ៉ា នាយប៉ុស្តិ៍រដ្ឋបាលអូរសោម -លោក សូ សុវណ្ណរិទ្ធិ មន្ត្រីប៉ុស្តិ៍រដ្ឋបាលអូរសោម -លោក ជ្រន ព្រឹម ប្រជាការពារភូមិស្ទឹងតាចាន់ -លោក សុខ អាន ប្រជាការពារភូមិតាឡុះ -លោក ឃុល ចិន្តា ប្រជាការពារភូមិតាឡុះ ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ ឯកឧត្ដម កែវ វីរៈ ក៏បាននាំយកថវិកាឧបត្ថម្ភរបស់ក្រុមការងារអគ្គិសនីកម្ពុជា ប្រគល់ជូនគ្រួសារនៃសពទាំង ៥ ដើម្បីជួយសម្រាលទុក្ខលំបាក និងជាការសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងនេះ៕











