
ឯកឧត្តម យឹម វិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិភាក្សានីតិវិធីជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ក្នុងស្រុកភ្នំក្រវាញ
ពោធិ៍សាត់៖ កិច្ចប្រជុំពិភាក្សាអំពីនីតិវិធី និងគោលការណ៍ ក្នុងការជ្រើសរើសបេក្ខភាពឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការគណបក្សស្រុកភ្នំក្រវាញ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំក្រវាញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សទទួលបន្ទុកតាមឃុំនីមួយៗ លោកប្រធានគណបក្សស្រុក ព្រមទាំងសហការីជាច្រើនរូប។ ការរៀបចំកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យដំណើរការជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ ខាងមុខនេះ ប្រព្រឹត្តទៅស្របតាមនីតិវិធី គោលការណ៍ណែនាំរបស់គណបក្ស និងមានតម្លាភាព សំដៅជ្រើសរើសបានបេក្ខជនដែលមានសមត្ថភាព និងប្រជាប្រិយភាព ក្នុងការបន្តបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕











