
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញបើកវេទិកាពិភាក្សាជាមួយយុវជនបក្សខេត្តពោធិ៍សាត់ ជាង ១,៣០០នាក់
ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងបើកវេទិកាពិភាក្សាជាមួយសមាជិក សមាជិកាយុវជនគណបក្សខេត្តពោធិ៍សាត់ ប្រមាណ ១,៣០០នាក់ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល និងគ្រប់ជាន់ថ្នាក់ទូទាំងខេត្តពោធិ៍សាត់។ គួរបញ្ជាក់ថា នេះជាលើកទី៣ ហើយដែលវេទិកាសំណេះសំណាល និងពិភាក្សានេះត្រូវបានរៀបចំឡើង ដោយបន្តបទពិសោធន៍តាំងពីសម័យកាលដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនទាន់ជានាយករដ្ឋមន្ត្រី ដែលនេះស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងជាប់ជាប្រចាំរបស់សម្តេចចំពោះការងារយុវជន៕











