
ក្រុមការងារចុះជួយសង្កាត់ស្វាយអាត់ ចុះជួបពលរដ្ឋផ្ទាល់ដើម្បីក្តាប់ព័ត៌មានអត្តសញ្ញាណកម្ម និងពិនិត្យផ្លូវ-ប្រឡាយដែលរងការខូចខាត
ពោធិ៍សាត់៖ ឯកឧត្តម លៀង ពេជ្រ ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ស្វាយអាត់ បានដឹកនាំក្រុមប្រឹក្សាក្រុង រដ្ឋបាលសង្កាត់ ប៉ុស្តិ៍នគរបាល និងអាជ្ញាធរភូមិត្រាង ចុះជួបសួរសុខទុក្ខ និងប្រមូលព័ត៌មានអត្តសញ្ញាណកម្ម (អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត) ពីប្រជាពលរដ្ឋចំនួន ១៩គ្រួសារ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តមបានពង្រឹងការយកចិត្តទុកដាក់លើចាស់ជរា អ្នកជំងឺ និងគ្រួសារក្រីក្រ ដោយបានឧបត្ថម្ភក្នុង ១គ្រួសារ ទទួលបានអង្ករ ១០គីឡូក្រាម និងថវិកា ២ម៉ឺនរៀល (ដោយឡែកចាស់ជរាមានជំងឺ ២នាក់ ទទួលបានថវិកាបន្ថែម ៤ម៉ឺនរៀលម្នាក់)។ ទន្ទឹមនឹងការងារសង្គមកិច្ច ឯកឧត្តមប្រធានក្រុមការងារ ក៏បានចុះពិនិត្យផ្ទាល់លើបញ្ហាប្រឈមរបស់ពលរដ្ឋរួមមាន៖ ពិនិត្យផ្លូវលំបាកចំនួន ២ខ្សែ ដែលជាតម្រូវការចាំបាច់ចំពោះមុខ។ ប្រព័ន្ធរំដោះទឹក៖ ពិនិត្យប្រឡាយទឹកប្រវែងប្រមាណ ៤០០ម៉ែត្រ ដែលកំពុងរងការស្ទះទឹក បង្កឡើងដោយសារការចាក់ដីលុបពីសំណាក់ផ្សារភូពុយ ដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕











