
ឯកឧត្តម ម៉ៅ សាន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រុងពោធិ៍សាត់ ពិភាក្សាផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ (ជាន់លើ) ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ គណៈកម្មាធិការគណបក្សក្រុងបានបើកកិច្ចប្រជុំពិភាក្សាការងារយ៉ាងសំខាន់មួយ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ សាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានមន្ទីរគណបក្សខេត្ត ដើម្បីពិភាក្សាការងារ និងជំរុញផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម ប្រធានក្រុមការងារទទួលបន្ទុកសង្កាត់, ប្រធាន អនុប្រធាន និងសមាជិកគណបក្សក្រុង, លោកប្រធានគណបក្សសង្កាត់ និងចៅសង្កាត់ទាំង ៧ នៃក្រុងពោធិ៍សាត់។ ក្នុងឱកាសនោះ អង្គប្រជុំបានផ្ដោតការពិភាក្សាយ៉ាងម៉ត់ចត់លើការដាក់ចេញនូវទិសដៅ យុទ្ធសាស្ត្រ និងផែនការសកម្មភាពនានា សំដៅពង្រឹងរចនាសម្ព័ន្ធបក្សនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ ដើម្បីត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដណ្តើមប្រៀបឈ្នះសម្រាប់យុទ្ធនាការបោះឆ្នោតនាពេលខាងមុខ ប្រកបដោយភាពជឿជាក់៕











