
គណបក្សប្រជាជនកម្ពុជាស្រុកក្រគរ ប្រកាសតែងតាំងបំពេញបន្ថែមមន្ត្រីបក្សចំនួន ៨រូប ដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំ
ពោធិ៍សាត់៖ គណបក្សស្រុកក្រគរ បានរៀបចំពិធីប្រកាសសេចក្តីសម្រេចតែងតាំងបំពេញបន្ថែមមន្ត្រីគណបក្សស្រុកចំនួន ៨ រូប ក្រោមអធិបតីភាព ឯកឧត្តម ឈុន សុង សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈចាត់តាំងគណបក្សខេត្ត ព្រមទាំង លោក ទឹម សារិន ប្រធានគណៈកម្មាធិការគណបក្សស្រុកក្រគរ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ។ ពិធីនេះក៏មានការអញ្ជើញអមដំណើរដោយ ឯកឧត្តម ញ៉ឹក សារ៉េត សមាជិកគណបក្សខេត្ត និងជាអនុប្រធានគណៈចាត់តាំងខេត្ត រួមទាំងលោក លោកស្រីជាសមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក និងប្រធានគណៈកម្មាធិការគណបក្សឃុំ សរុបអ្នកចូលរួមប្រមាណ ៤០នាក់។ ការប្រកាសតែងតាំងមន្ត្រីបក្សទាំង ៨ រូបនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបំពេញបន្ថែមរចនាសម្ព័ន្ធចាត់តាំង និងពង្រឹងកម្លាំងពិតរបស់គណបក្សឱ្យកាន់តែមានសាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋាន៕











