
មន្ត្រីជំនាញមន្ទីរកសិកម្ម ចុះផ្សព្វផ្សាយពីសំណើថវិកាជំនួយ FAO និងរៀបចំ វគ្គបណ្តុះបណ្តាលផលិតកម្មបន្លែ ជូនកសិករក្នុងឃុំផ្ទះរុង
ពោធិ៍សាត់៖ លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្ត្រ បានអញ្ជើញចុះជួបជុំ និងផ្សព្វផ្សាយដល់កសិករក្នុងសហគមន៍កសិកម្មផ្ទះរុងរុងរឿង ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ។ ក្នុងជំនួបនោះ ក្រុមការងារបានធ្វើការផ្សព្វផ្សាយយ៉ាងលម្អិតអំពី «នីតិវិធីនៃការរៀបចំសំណើថវិកាសម្រាប់សហគមន៍ ពេលចាប់ផ្តើមសរសេរគម្រោង» ដែលជាកញ្ចប់ថវិកាជំនួយឥតសំណងរបស់អង្គការ FAO អនុវត្តដោយអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ (ក្រសួងកសិកម្ម) សហការជាមួយអគ្គនាយកដ្ឋានមូលដ្ឋាន (ក្រសួងបរិស្ថាន)។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានពិភាក្សា និងពិគ្រោះយោបល់លើការងារសំខាន់ៗមួយចំនួនទៀត រួមមាន៖ ការជ្រើសរើសទីតាំងសាលារៀនចំការបង្ហាញ និងការចុះឈ្មោះសមាជិកសហគមន៍ដែលស្ម័គ្រចិត្តចូលរួមវគ្គសិក្សាស្ដីពីផលិតកម្មបន្លែ។ សូមបញ្ជាក់ផងដែរថា សកម្មភាពខាងលើនេះមានប្រជាកសិករចូលរួមសរុបចំនួន ៣០ នាក់ (ស្រី ២១ នាក់) ដោយបរិយាកាសកក់ក្តៅ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរ៕










