
ចុះពិនិត្យ និងអន្តរាគមន៍សង្គ្រោះដំណាំស្រូវរងគ្រោះរាំងស្ងួត នៅស្រុកបាកាន ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ឯកឧត្តម សុទ្ធ គឹមកុលមុន្នី អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំប្រតិភូចុះពិនិត្យ និងវាយតម្លៃផ្ទាល់លើដំណាំស្រូវ ដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ស្ថិតក្នុងឃុំអូរតាប៉ោង និងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។ បេសកកម្មនេះមានការចូលរួមពី តំណាងនាយកដ្ឋានអភិវឌ្ឍន៍ដំណាំស្រូវ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក-ឃុំ មន្ត្រីកសិកម្ម និងប្រជាកសិករក្នុងមូលដ្ឋាន ដើម្បីពិនិត្យលទ្ធភាពសង្គ្រោះ និងស្តារឡើងវិញ។ ផ្អែកតាមការចុះពិនិត្យជាក់ស្តែង ដំណាំស្រូវមួយចំនួនកំពុងស្ថិតក្នុងវគ្គបង្កបង្កើនផល មានការលូតលាស់យឺត និងត្រូវការទឹកជាចាំបាច់ ដែលអាចប្រឈមនឹងការថយចុះទិន្នផល ប្រសិនបើគ្មានប្រភពទឹកជួយសង្គ្រោះទាន់ពេលវេលា។ ចំពោះមុខស្ថានភាពនេះ អាជ្ញាធរដែនដី និងមន្ត្រីជំនាញកំពុងខិតខំស្វះស្វែងបូម និងនាំទឹកចេញពីស្ទឹង អូរ និងប្រឡាយមេ ដើម្បីចែករំលែកស្រោចស្រពសង្គ្រោះស្រែប្រជាកសិករជាបន្តបន្ទាប់៕











