
អាជ្ញាធរស្រុកភ្នំក្រវាញ ចុះដឹកនាំកម្លាំងជួសជុលផ្លូវលំ សំបុកមាន់ ជូនប្រជាពលរដ្ឋនៅឃុំសំរោង
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញចុះដឹកនាំផ្ទាល់នូវមន្ត្រីរាជការ ក៏ដូចជាអាជ្ញាធរឃុំ ដើម្បីចុះជួសជុលកំណាត់ផ្លូវលំដែលមានស្ថានភាពខូចខាត ផ្លូវសំបុកមាន់ ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរកាន់តែមានភាពងាយស្រួល និងធានាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។ ការចុះអន្តរាគមន៍ជួសជុលផ្លូវនេះ ត្រូវបានធ្វើឡើងនៅក្នុងភូមិសាស្ត្រ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈដែលស្ថានភាពផ្លូវកន្លងមកមានការលំបាកខ្លះៗក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនកសិផលផ្សេងៗ។ សកម្មភាពចុះអន្តរាគមន៍ដោះស្រាយបញ្ហាខ្វះខាត និងសំណូមពរទាន់ពេលវេលានេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ក្នុងការបម្រើផលប្រយោជន៍ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីលើកកម្ពស់ការតភ្ជាប់ទំនាក់ទំនង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ សាយយ័ន្ដ វុន្នីយ៉ា










