
ឯកឧត្តម ខូយ រីដា ចុះពិនិត្យស្ថានភាពទឹក និងបញ្ជាឱ្យបិទ-បើកទំនប់ស្ទាក់ទឹកនានា ដើម្បីធានាសុវត្ថិភាពស្បៀង និងទឹកប្រើប្រាស់
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យមើលស្ថានភាពទឹកជាក់ស្តែងនៅទំនប់ទឹកដំណាក់អំពិល និងទំនប់ទឹកធារាសាស្ត្រដំណាក់ឈើក្រំ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃស្ថានភាពទឹក និងធ្វើអន្តរាគមន៍ចាត់ចែងការបិទ និងបើកទឹកតាមបណ្តាស្ថានីយ ព្រមទាំងទំនប់ស្ទាក់ទឹកនានា ស្ថិតក្នុងក្រុង និងស្រុកនៃខេត្តពោធិ៍សាត់។ វិធានការនេះ មិនត្រឹមតែជួយឱ្យការប្រើប្រាស់ទឹកមានប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រត្រៀមបង្ការហានិភ័យនៃការខ្វះខាតទឹក សម្រាប់បម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងការបង្កបង្កើនផលកសិកម្មក្នុងរដូវប្រាំងនាពេលខាងមុខនេះផងដែរ៕











