
គណបក្សក្រុងពោធិ៍សាត់ ប្រជុំជំរុញការធ្វើអត្តសញ្ញាណប័ណ្ណ និងត្រៀមការងារចុះឈ្មោះបោះឆ្នោតថ្មី នាពេលខាងមុខ
ពោធិ៍សាត់៖ លោក សំរិទ្ធិ អេង សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានគណបក្សក្រុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងការបច្ចុប្បន្នភាពរបាយការណ៍ និងការត្រៀមរៀបចំការងារបោះឆ្នោត កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងពោធិ៍សាត់។ កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវារៈចាំបាច់ចំនួន ៣ រួមមាន៖ ដើម្បីពិនិត្យឡើងវិញនូវទិន្នន័យ និងលទ្ធផលការងារកន្លងមកឱ្យមានភាពច្បាស់លាស់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធានាថាប្រជាពលរដ្ឋដែលមានអាយុគ្រប់ការបោះឆ្នោត មានឯកសារអត្តសញ្ញាណត្រឹមត្រូវ និងទាន់ពេលវេលា។ ការត្រៀមលក្ខណៈសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត៖ ការរៀបចំការងារកែតម្រូវទិន្នន័យ ការប្រមូលទិន្នន័យជីវមាត្រ និងការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ដំណើរការដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ តាមរយៈកិច្ចប្រជុំនេះ លោកប្រធានគណបក្សក្រុង បានណែនាំ និងជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់ ខិតខំបំពេញភារកិច្ចដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋឱ្យទទួលបានសិទ្ធិបោះឆ្នោតបានគ្រប់ៗគ្នា៕











