
ឃុំស្វាយលួងបន្តដំឡើងភ្លើងសូឡាតាមផ្លូវសំខាន់ៗ ដើម្បីសម្រួលការធ្វើដំណើរ និងពង្រឹងសន្តិសុខជូនប្រជាពលរដ្ឋ
ពោធិ៍សាត់៖ ដើម្បីចូលរួមចំណែកសម្រួលដល់ការធ្វើដំណើរនាពេលរាត្រី និងពង្រឹងសុវត្ថិភាព សន្តិសុខក្នុងមូលដ្ឋាន លោក ងួន ប៉ោសេង និងក្រុមការងារឃុំស្វាយលួង បានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ បន្តសកម្មភាពចុះដំឡើងបង្គោលភ្លើងដើរដោយថាមពលព្រះអាទិត្យ (សូឡា) នៅតាមបណ្តោយខ្សែផ្លូវសំខាន់ៗក្នុងឃុំ។ ការចុះអនុវត្តសកម្មភាពនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរឃុំស្វាយលួង ចំពោះសុខទុក្ខ សុវត្ថិភាព និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។ ផ្លូវសាធារណៈដែលធ្លាប់តែងងឹតនាពេលយប់ ឥឡូវនេះត្រូវបានបំភ្លឺដោយពន្លឺអំពូលសូឡា សម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយហានិភ័យផ្សេងៗ។ ជាការឆ្លើយតប ប្រជាពលរដ្ឋរស់នៅក្នុងឃុំស្វាយលួង បានសម្តែងនូវក្តីរំភើបរីករាយ ព្រមទាំងបានសម្តែងការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ងួន ប៉ោសេង និងក្រុមការងារឃុំទាំងអស់ ដែលបានខិតខំបម្រើ និងអភិវឌ្ឍន៍មូលដ្ឋានដោយស្មោះត្រង់៕











