
គណៈកម្មាធិការបក្សខេត្តពោធិ៍សាត់ ចូលរួមស្រាវជ្រាវ និងសិក្សាពីគុណតម្លៃប្រវត្តិសាស្ត្រ «៧ មករា» តាមរយៈបាឋកថារបស់ ឯកឧត្តម ខៀវ កាញារីទ្ធ
ពោធិ៍សាត់៖ ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថាជាស៊េរី ក្រោមប្រធានបទ «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ដើម្បីរំលឹក និងជ្រួតជ្រាបបន្ថែមអំពីតម្លៃប្រវត្តិសាស្ត្រនៃការរំដោះជាតិ និងការកសាងប្រទេសជាតិ។ ពិធីនេះទទួលបានការអញ្ជើញធ្វើជាវាគ្មិនកិត្តិយសដោយ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម។ នៅក្នុងឱកាសនោះ ឯកឧត្តមវាគ្មិនបានចែករំលែកនូវបទពិសោធន៍ ទស្សនទានប្រវត្តិសាស្ត្រ និងគុណតម្លៃមិនអាចកាត់ថ្លៃបាននៃជ័យជម្នះ ៧ មករា ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ ការអញ្ជើញចូលរួមរបស់ ឯកឧត្តម ម៉ក់ រ៉ា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នាពេលនេះ បានបង្ហាញពីស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការក្រេបជញ្ជក់ចំណេះដឹង និងការបន្តវេនថែរក្សាមរតកប្រវត្តិសាស្ត្រដ៏មានតម្លៃ ដើម្បីបម្រើជាតិ និងប្រជាជនឱ្យកាន់តែរីកចម្រើនតទៅមុខ៕











