
ទិដ្ឋភាពបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏ស័ក្តិសិទ្ធិ «ឧកញ៉ា ឃ្លាំង មឿង» នៃដែនដីខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ បូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងទេពជំទាវ ខាន់ ខៀវ មិនត្រឹមតែជាទីសក្ការបូជាដ៏ស័ក្តិសិទ្ធិល្បីល្បាញប្រចាំខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ប៉ុន្តែទីនេះជាបុរាណដ្ឋានប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីវីរភាពនិងសេចក្តីស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់បុព្វបុរសខ្មែរ។ បូជនីយដ្ឋាននេះ ស្ថិតនៅក្នុងឃុំស្នាមព្រះ ស្រុកបាកាន មានចម្ងាយប្រមាណ ៥ ទៅ ៦ គីឡូម៉ែត្រពីទីរួមខេត្ត។ ទីសក្ការៈនេះមានបរិយាកាសត្រជាក់ត្រជុំ ម្លប់ដើមឈើធំៗ និងមានតម្កល់រូបសំណាកលោកឧកញ៉ាឈរកាន់ដាវយ៉ាងស្វាហាប់ រួមជាមួយរូបសំណាកលោកជំទាវជាភរិយា។ ជារៀងរាល់ថ្ងៃ មានប្រជាពលរដ្ឋ និងអ្នកដំណើរជិតឆ្ងាយយ៉ាងច្រើនកុះករ តែងតែចូលមកអុជធូបបន់ស្រន់សុំសេចក្តីសុខសប្បាយ និងរកស៊ីមានបាន ហើយតែងនាំគ្នាយកគ្រឿងសក្ការបូជា ឬលេងភ្លេងពិណពាទ្យលាបំណន់មិនដែលដាច់ឡើយ នៅពេលបំណងប្រាថ្នារបស់ពួកគេបានសម្រេច។ ទីតាំងនេះបានក្លាយជាចំណុចឈប់សម្រាកដ៏វិសេសវិសាលមួយ សម្រាប់អ្នកទេសចរដែលចង់ស្វែងយល់ពីប្រវត្តិសាស្ត្រនៃការធ្វើពលិកម្មជីវិតដើម្បីជាតិ មាតុភូមិ ក្នុងរជ្ជកាលព្រះបាទចន្ទរាជា៕











