
យុវជន ស.ស.យ.ក ខេត្តពោធិ៍សាត់ រួមគ្នាចុះសិក្សាឈ្វេងយល់ពីប្រវត្តិសាស្ត្រ និងវប្បធម៌ នៅសារមន្ទីរខេត្ត
ពោធិ៍សាត់៖ លោក សំ ណារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានប្រចាំការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមគ្រួសារ ស.ស.យ.ក ក្នុងខេត្ត អញ្ជើញចូលទស្សនាពិព័រណ៍រូបភាពមិនអចិន្ត្រៃយ៍ ដែលកំពុងរៀបចំធ្វើឡើងនៅសារមន្ទីរខេត្តពោធិ៍សាត់។ ការរៀបចំដំណើរកម្សាន្ត និងសិក្សាឈ្វេងយល់នាពេលនេះ ធ្វើឡើងក្នុងគោលបំណងបំផុស និងជំរុញស្មារតីយុវជនឱ្យកាន់តែយល់ដឹងស៊ីជម្រៅអំពីសិល្បៈ វប្បធម៌ ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិដ៏មានតម្លៃ។ បន្ថែមពីនេះ សកម្មភាពនេះក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្រទាប់យុវជន ក្នុងការស្រឡាញ់ ការពារ និងអភិរក្សសម្បត្តិវប្បធម៌ជាតិឱ្យបានគង់វង្ស។ តាមរយៈការទស្សនាពិព័រណ៍រូបភាពនេះ សមាជិក-សមាជិកា ស.ស.យ.ក ខេត្តពោធិ៍សាត់ ទទួលបាននូវចំណេះដឹង និងបទពិសោធថ្មីៗបន្ថែមទៀត អំពីប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏ល្អផូរផង់ដែលជាគ្រឹះយ៉ាងរឹងមាំសម្រាប់កសាងស្មារតីស្នេហាជាតិ និងមោទនភាពជាតិក្នុងចំណោមយុវជនជំនាន់ក្រោយ៕











