
ឯកឧត្តម កែវ រតនៈ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋឃុំឈើតុំ និងឃុំស្វាយស ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមកពីឃុំឈើតុំ និងឃុំស្វាយស ស្ថិតនៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខយ៉ាងកក់ក្តៅ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ពិធីសំណេះសំណាលនេះ ធ្វើឡើងដើម្បីស្តាប់នូវសំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ សំដៅរួមចំណែកដោះស្រាយឱ្យបានទាន់ពេលវេលា និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ បងប្អូនប្រជាពលរដ្ឋឃុំឈើតុំ និងឃុំស្វាយស បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កែវ រតនៈ ដែលតែងតែយកចិត្តទុកដាក់ ចុះជួបសួរសុខទុក្ខ និងជួយដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋក្នុងស្រុកក្រគរដោយផ្ទាល់នាពេលកន្លងមក៕











