
លោក ហៀម ឃួន ថ្លែងអំណរគុណសប្បុរសជននៅអាមេរិក ដែលបានឧបត្ថម្ភអង្ករ និងថវិកាជូនប្រជាពលរដ្ឋ ៤៩គ្រួសារ នៅសង្កាត់រលាប
ពោធិ៍សាត់៖ លោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានតំណាងឱ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ សម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី ឡៅ ម៉េងជី និង លោកស្រី ពិន ថង ដែលកំពុងរស់នៅសហរដ្ឋអាមេរិក នៃទឹកចិត្តមនុស្សធម៌ដ៏ប្រពៃ ក្នុងការឧបត្ថម្ភអង្ករ និងថវិកា ជូនដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន ៤៩គ្រួសារ មកពីភូមិចំនួន៥ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះ លោក ហៀម ឃួន បានមានប្រសាសន៍ថា ទោះបីជាលោកស្រីទាំងពីររស់នៅឆ្ងាយរហូតដល់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏នៅតែមានទឹកចិត្តស្រឡាញ់ នឹកនា និងគិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកំណើត ដែលកំពុងជួបប្រទះការខ្វះខាត។ អំណោយជាអង្ករ និងថវិកានាពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា ក្នុងការសម្រាលទុក្ខធុរៈ និងការហូបចុកប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ តំណាងប្រជាពលរដ្ឋទាំង ៤៩គ្រួសារ ក៏បានសម្តែងនូវក្តីរំភើបរីករាយ និងជូនពរជ័យសិរីសួស្តីដល់ លោកស្រី ឡៅ ម៉េងជី និង លោកស្រី ពិន ថង ព្រមទាំងក្រុមគ្រួសារ ឱ្យជួបតែសេចក្តីសុខ ចម្រើន និងជោគជ័យគ្រប់ភារកិច្ចនៅសហរដ្ឋអាមេរិកផងដែរ៕











