
គម្រោង CASDP បន្តធ្វើបច្ចុប្បន្នភាព និងផ្ទៀងផ្ទាត់ទិន្នន័យប្រជាជនភៀសសឹក ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់
ពោធិ៍សាត់៖ ក្រុមការងារគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ថ្នាក់ខេត្តពោធិ៍សាត់ បានចូលរួមកិច្ចប្រជុំយ៉ាងសំខាន់មួយ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យអ្នកទទួលផល នៃ «គម្រោងការឆ្លើយតបនឹងការសង្គ្រោះបន្ទាន់ចំពោះស្ថានភាពអាសន្នលើកទី២ (CERC2)» សម្រាប់ផ្តល់ជូនប្រជាជនភៀសសឹក កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោងពិពិធកម្មកសិកម្មកម្ពុជាថ្នាក់ជាតិ ដោយមានសមាសភាពចូលរួមសរុបចំនួន ៨នាក់ (ក្នុងនោះមានស្ត្រីចំនួន ៣នាក់)។ ការចុះពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវតម្លាភាព សុក្រឹតភាព និងច្បាស់លាស់ ក្នុងការកំណត់អត្តសញ្ញាណប្រជាជនភៀសសឹកដែលរងផលប៉ះពាល់ពិតប្រាកដ សំដៅឆ្លើយតប និងផ្តល់ជំនួយសង្គ្រោះបន្ទាន់តាមរយៈគម្រោង CERC2 ឱ្យបានចំគោលដៅ និងទាន់ពេលវេលា៕











