
កម្លាំងជលផលសហការជាមួយយោធានិងនគរបាល បង្ក្រាបបទល្មើសនេសាទ ១ករណី នៅឃុំកញ្ជរ ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ កម្លាំងចម្រុះរួមមាន សង្កាត់រដ្ឋបាលជលផលកណ្ដៀង កម្លាំងយោធាប្រចាំការនៅកន្លែងអភិរក្សជលផលលេខ០៦ (យោធភូមិភាគ៥) និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះប្រតិបត្តិការរួមគ្នា ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចផ្លូវឆ្លង ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការចុះល្បាតនេះ កម្លាំងសមត្ថកិច្ចសរុបចំនួន ១១នាក់ ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមកាណូតចំនួន ៣គ្រឿង បានបំបែក និងបង្ក្រាបបានបទល្មើសនេសាទខុសច្បាប់ចំនួន ១ករណី។ ជាលទ្ធផល កម្លាំងចម្រុះបានកាប់បំផ្លាញ និងដុតចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែង រួមមាន៖ របាំងស្បៃមុង ចំនួន ១៥ខ្សែ ប្រវែងសរុប ១.៥៧០ម៉ែត្រ, លូកងស្បៃមុង ចំនួន ២០មាត់ និងបង្គោលឈើ ចំនួន ៧៥០ដើម។ ជាមួយគ្នានោះដែរ សមត្ថកិច្ចក៏បានរំដោះ និងចាក់លែងកូនត្រីចម្រុះទម្ងន់ ៣៥គីឡូក្រាម ដែលជាប់នៅក្នុងលូស្បៃមុង ចូលទៅក្នុងបឹងធម្មជាតិវិញផងដែរ។ អាជ្ញាធរបានបញ្ជាក់ថា នឹងបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ទាំងនេះយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារធនធានជលផលឱ្យបានគង់វង្ស៕











