
កម្លាំងជលផលកំពង់លួង សហការបង្ក្រាបបទល្មើសនេសាទ លួចដាក់របាំងស្បៃមុង ៣០០ម៉ែត្រ នៅស្រុកក្រគរ
ពោធិ៍សាត់៖ កម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់លួង បានសហការជាមួយកងរាជអាវុធហត្ថស្រុកក្រគរ ចុះប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីចំណុចកំពង់លួង រហូតដល់ចំណុចជ្រោយវែង ស្ថិតក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ សង្កេតឃើញថា ប្រជានេសាទភាគច្រើនបានចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីជលផលបានល្អប្រសើរ។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានប្រជានេសាទមួយចំនួនតូច បានលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដោយដាក់របាំងស្បៃមុងនៅក្នុងតំបន់ព្រៃលិចទឹក។ ជាលទ្ធផល នៅត្រង់ចំណុចអន្លង់រាំង ស្ថិតក្នុងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ កម្លាំងសមត្ថកិច្ចល្បាតបង្ក្រាបបានចំនួន ១ករណី ដោយបានរឹបអូស និងបំផ្លាញចោលនូវវត្ថុតាងរួមមាន៖ របាំងស្បៃមុង ចំនួន ២ ខ្សែ (ប្រវែងសរុប ៣០០ ម៉ែត្រ), លូស្បៃមុង ចំនួន ២ មាត់ និងបង្គោលចងរបាំង ចំនួន ៥៨ ដើម។ ជាមួយគ្នានោះដែរ កម្លាំងសមត្ថកិច្ចក៏បានរំដោះ និងចាក់លែងកូនត្រីចម្រុះរស់ទម្ងន់ ៥ គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញផងដែរ៕











