
រដ្ឋបាលស្រុកភ្នំក្រវាញ និងមន្ត្រីជំនាញ ចុះកំណត់ព្រំប្រទល់ព្រៃសហគមន៍ភូមិព្រងិល ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ពោធិ៍សាត់៖ សង្កាត់រដ្ឋបាលព្រៃឈើព្រងិល បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តសកម្មភាពបោះបង្គោលព្រំប្រទល់ព្រៃសហគមន៍ភូមិព្រងិល បានចំនួន ៨បង្គោល ប្រកបដោយលទ្ធផលល្អប្រសើរ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះបានដឹកនាំផ្ទាល់ដោយ លោក សន ចាន់ថន អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ ដោយមានការចូលរួមពីសំណាក់មន្ត្រីជំនាញសូរិយោដីស្រុក តំណាងក្រុមប្រឹក្សាឃុំព្រងិល មេភូមិព្រងិល មេភូមិអូររំ ព្រមទាំងគណៈកម្មការសហគមន៍ព្រៃឈើភូមិព្រងិល។ សកម្មភាពបោះបង្គោលព្រំប្រទល់នាពេលនេះ ក្នុងគោលបំណងកំណត់ដែនជម្រក និងទំហំព្រៃសហគមន៍ឱ្យបានច្បាស់លាស់ សំដៅបង្កើនប្រសិទ្ធភាពក្នុងការថែរក្សា ការពារ និងទប់ស្កាត់ការរំលោភបំពានដីព្រៃឈើ ខណៈដែលកិច្ចសហការរវាងអាជ្ញាធរដែនដី មន្ត្រីជំនាញ និងសហគមន៍មូលដ្ឋាន បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព៕











