
ស្រុកបាកាន រៀបចំកិច្ចប្រជុំសម្របសម្រួលការផ្សព្វផ្សាយលទ្ធផលជ្រើសរើសគ្រួសារទទួលផល និងកសិករជនបង្គោលនៃគម្រោង EMPOWER
ពោធិ៍សាត់៖ កិច្ចប្រជុំសម្របសម្រួលការផ្សព្វផ្សាយលទ្ធផលជ្រើសរើសគ្រួសារទទួលផល ការជ្រើសរើសកសិករជនបង្គោលតំណាងភូមិ និងការត្រៀមអនុវត្តដំណាក់កាលបន្ទាប់នៃគម្រោង EMPOWER ត្រូវបានរៀបចំឡើងនៅក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមវត្តមានថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធជាច្រើនរូប រួមមាន លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកបាកាន, លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ព្រមទាំងតំណាងក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរឃុំ-ភូមិ មន្ត្រីកសិកម្មឃុំ និងក្រុមការងារអនុវត្តគម្រោង។ នៅក្នុងឱកាសនោះ អាជ្ញាធរស្រុក ឃុំ និងភូមិ បានសម្តែងនូវសេចក្តីរីករាយយ៉ាងក្រៃលែង ដែលមូលដ្ឋានរបស់ខ្លួនត្រូវបានជ្រើសរើសឱ្យអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះ។ ទន្ទឹមនឹងនេះ ភាគីទាំងអស់បានរួមសហការគ្នាយ៉ាងសកម្មក្នុងការពិនិត្យ និងជ្រើសរើសកសិករជនបង្គោលតំណាងភូមិ ដើម្បីធ្វើជាស្ពានសម្របសម្រួលជាមួយគ្រួសារទទួលផល និងចូលរួមរៀបចំបង្កើត «សហគមន៍កសិកម្មទំនើប» នាពេលខាងមុខ៕











