
ថ្នាក់ដឹកនាំអញ្ជើញជូនដំណើរក្រុមសិស្សានុសិស្សវិទ្យាល័យបាកាន ត្រឡប់មកវិញដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មទស្សនកិច្ចសិក្សានៅខេត្តសៀមរាប
ពោធិ៍សាត់៖ ឯកឧត្ដមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន បានអញ្ជើញជូនដំណើរក្រុមសិស្សានុសិស្ស (ក្រុមទី១) មកពីវិទ្យាល័យបាកាន ក្នុងឱកាសដែលប្អូនៗបានបញ្ចប់កម្មវិធីទស្សនកិច្ចសិក្សា និងកម្សាន្តនៅខេត្តសៀមរាប ដោយរលូន និងសប្បាយរីករាយ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចសិក្សារយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា) នេះ ត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹងពី៖ ឯកឧត្ដម កែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និងឯកឧត្ដមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកាន។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្សានុសិស្សបានសិក្សាឈ្វេងយល់ពីសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តសៀមរាប ព្រមទាំងដើម្បីលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗផងដែរ៕











