
ក្រសួងកសិកម្ម ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅស្រុកក្រគរ ខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់៖ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រពីឃុំកំពង់លួង ដល់ភូមិកំពង់ថ្គោល ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ មានការចូលរួមពីអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ និងកំពង់ធំ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ កងរាជអាវុធហត្ថ និងកងកម្លាំងប្រតិបត្តិការសឹករងពោធិ៍សាត់។ តាមការសង្កេតឃើញថា ប្រជាបរិស័ទ និងប្រជានេសាទប្រមាណ ៩០% បានចូលរួមគោរពច្បាប់បានយ៉ាងល្អ តែបើទោះបីជាយ៉ាងណា អាជ្ញាធរនៅតែបន្តរកឃើញបទល្មើសមួយចំនួន ដូចជាការលួចដាក់របាំងសាច់អួនក្រឡាល្អិត និងដាក់របាំងលើសប្រវែងកំណត់។ ជាក់ស្តែង នៅចំណុចជ្រោយស្តី កម្លាំងសមត្ថកិច្ចបង្ក្រាបបាន ១ករណី ដោយរឹបអូស និងបំផ្លាញចោលនូវ៖ របាំងសាច់អួនក្រឡាល្អិត ៤ ខ្សែ (ប្រវែង ២៧០ ម៉ែត្រ), លូកងសាច់អួន ៤ មាត់, បង្គោល ៥២ ដើម និងផលត្រី ចាក់លែងចូលបឹងធម្មជាតិវិញចំនួន ២៥ គីឡូក្រាម៕











