
ផ្នែករដ្ឋបាលព្រៃឈើក្រវាញ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាឃុំសំរោង ដើម្បីផ្សព្វផ្សាយការងារការពារព្រៃឈើ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន
ពោធិ៍សាត់៖ ផ្នែករដ្ឋបាលព្រៃឈើក្រវាញ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាឃុំ ក្រោមដឹកនាំដោយលោក ជុំ សុផុន ប្រធានក្រុមប្រឹក្សាឃុំសំរោង ដោយមានសមាសភាពចូលរួមសរុបចំនួន ៤៥នាក់ ស្រី ៨នាក់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំនោះ ផ្នែករដ្ឋបាលព្រៃឈើក្រវាញ បានផ្សព្វផ្សាយនូវណែនាំសំខាន់ៗមួយចំនួន ដើម្បីឱ្យអាជ្ញាធរជំរុញបន្តទៅតាមបណ្តាភូមិនីមួយៗ រួមមាន៖ ហាមឃាត់ដាច់ខាតការកាប់ឆ្ការ រុករានដីព្រៃដើម្បីហ៊ុំព័ទ្ធយកធ្វើជាកម្មសិទ្ធិដោយគ្មានលិខិតអនុញ្ញាត និងហាមកាប់ដើមឈើនៅតាមចំណីផ្លូវ ចំណីអូរ ឬស្ទឹង, ស្នើឱ្យជួយស្រង់ស្ថិតិផ្ទះត្រចៀកកាំក្នុងមូលដ្ឋាន ព្រមទាំងកំណត់ឱ្យមានការចុះពិនិត្យពីអាជ្ញាធរ និងមន្ត្រីជំនាញជាមុន រាល់ពេលមានការរុះរើផ្ទះចាស់ដឹកជញ្ជូនចេញពីតំបន់មួយទៅតំបន់មួយទៀត៕











