
មណ្ឌលសុខភាពកំពង់លួង ទទួលស្វាគមន៍ក្រុមនិស្សិតអនុបណ្ឌិត ចុះសិក្សាស្រាវជ្រាវពីវិធីសាស្ត្រ WISN ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល
ខេត្តពោធិ៍សាត់៖ ក្រុមនិស្សិតថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងរដ្ឋបាលមន្ទីរពេទ្យ មកពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH) បានចាប់ផ្តើមដំណើរចុះកម្មសិក្សាស្រាវជ្រាវរយៈពេល ២ថ្ងៃ (ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦) នៅមណ្ឌលសុខភាពកំពង់លួង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។ ការចុះកម្មសិក្សានាឱកាសនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅលើគម្រោង៖ ការកែលម្អការផ្តល់សេវាសុខភាពតាមរយៈវិធីសាស្ត្រ WISN (Workload Indicators of Staffing Need) និងការអន្តរាគមន៍ឱ្យប្រសើរឡើងនូវគុណភាព។ ការស្រាវជ្រាវនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការវាយតម្លៃលើបន្ទុកការងារ និងតម្រូវការមន្ត្រីសុខាភិបាល ដើម្បីស្វែងរកដំណោះស្រាយ និងយុទ្ធសាស្ត្រគន្លឹះៗ ក្នុងការជួយជម្រុញ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាថែទាំសុខភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕











