
សុខាភិបាល និងបសុព្យាបាលខេត្តពោធិ៍សាត់ ចាប់ដៃគូជាមួយអង្គការ WVS ពង្រឹងការតាមដាន និងទប់ស្កាត់ជំងឺឆ្កែឆ្កួត
ពោធិ៍សាត់៖ មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការស្នើសុំធាតុចូលសម្រាប់ «គម្រោងសាកល្បងសមាហរណកម្មគ្រប់គ្រងករណីសត្វខាំ ក្នុងវិស័យសុខាភិបាល និងសុខភាពសត្វ» ក្រោមអធិបតីភាព លោក តឹក សុភាព ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក មួន វុឌ្ឍី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រមទាំងមន្ត្រីអមដំណើរ ២រូប ជាមួយតំណាងមន្ទីរសុខាភិបាល និងមន្ត្រីនៃអង្គការ WVS សរុបចំនួន ១០ រូប (ក្នុងនោះស្ត្រី ២ រូប)។ អង្គប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងការិយាល័យផលិតកម្ម និងបសុព្យាបាល ជាមួយមន្ទីរសុខាភិបាល, ការរៀបចំផែនការសកម្មភាពច្បាស់លាស់សម្រាប់អនុវត្តបន្ត, ការបង្កើតប្រព័ន្ធរាយការណ៍ និងប្រមូលទិន្នន័យជនរងគ្រោះដែលទទួលរងការខាំពីសត្វ និងបានចាក់វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ព្រមទាំងការដាក់ចេញនូវវិធានការតាមដាន និងស្រាវជ្រាវអង្កេតអំពីជំងឺឆ្កែឆ្កួតឱ្យកាន់តែមានប្រសិទ្ធភាពក្នុងខេត្ត៕ ( សេក ញន )











