
អគ្គនាយកដ្ឋានជលផល ណែនាំឱ្យមន្ត្រីពាក់ព័ន្ធ រឹតបន្តឹងការអនុវត្តច្បាប់ និងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជុំវិញបឹងទន្លេសាប
ក្នុងឱកាសនោះ លោក ខូវ គួង បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារនាពេលកន្លងមក ព្រមទាំងបានដាក់ចេញនូវការណែនាំសំខាន់ៗចំនួន ២ ចំណុច រួមមាន៖ បន្តយន្តការផ្សព្វផ្សាយច្បាប់ស្តីពីជលផលឱ្យបានទូលំទូលាយដល់ប្រជានេសាទ និងសហគមន៍ជុំវិញបឹងទន្លេសាប ដើម្បីការពារធនធានជលផលឱ្យមាននិរន្តរភាព ជាពិសេសប្រភេទឧបករណ៍ដែលច្បាប់អនុញ្ញាតឱ្យប្រើប្រាស់ក្នុងរដូវបិទនេសាទ, រឹតបន្តឹងការអនុវត្តច្បាប់ និងបង្ក្រាបបទល្មើសឱ្យកាន់តែមានប្រសិទ្ធភាព ដោយសង្កត់ធ្ងន់លើការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ស្បៃមុង របាំងសាច់អួនក្រឡាល្អិត និងឧបករណ៍ខុសច្បាប់ដទៃទៀត នៅក្នុងតំបន់ព្រៃលិចទឹក ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ពូជត្រី។











